ថ្ងៃ អង្គារ ទី ១១ ខែ ឧសភា ឆ្នាំ ២០២១

​មូល​អំណាច និង​ផលប្រយោជន៍ ! រដ្ឋបាល​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​បាន និង​កំពុង​ហ៊ុំព័ទ្ធ​ដោយ​បណ្តាញ​គ្រួសារ និង​បក្ខពួក​របស់លោក​ចៅហ្វាយ​ស្រុក

រដ្ឋបាល​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ដែលមាន​លោក អ៊ូច សៅ​វឿន ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​នោះ ត្រូវបាន​គេ​មើលឃើញថា បាន និង​កំពុង​ហ៊ុំព័ទ្ធ​ទៅដោយ​បណ្តាញ​គ្រួសារ និង​បក្ខពួក​របស់លោក​ចៅហ្វាយ​ស្រុក​រូបនេះ​យ៉ាង​ប្រទាក់ក្រឡា សំពីងសំពោង​ពីលើ​ដល់​ក្រោម និង​ពីឆ្វេង​ដល់​ស្តាំ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ រួមមាន​ជាអាទិ៍ ៖

១-​លោក​ចៅហ្វាយស្រុក មាន​លោក ញ៉ិល ឈឿន សមាជិក​ក្រុមប្រឹក្សា​ស្រុក​កណ្តាលស្ទឹង (ទទួលស្គាល់​ដោយ​អនុក្រឹត្យ​លេខ​៦៣៦​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩) ត្រូវជា​ក្មួយ និង​មា ។

២-​លោក​ចៅហ្វាយស្រុក មាន​លោក សាន សាវុន អនុប្រធាន​ការិយាល័យ​នីតិកម្ម និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន (​អតីត​ស្មៀនឃុំ​) ត្រូវជា​ក្មួយ និង​មា ។​

៣-​លោក​ចៅហ្វាយស្រុក មាន​លោក ហ៊​ន ស៊ីថា បម្រើ​ការងារ​ជាម​ន្ត្រី​ច្រក ត្រូវជា​ក្មួយ​ខាង​ប្រពន្ធ​របស់ខ្លួន ។

៤-​លោក ញ៉ិល ឈឿន សមាជិក​ក្រុមប្រឹក្សា​ស្រុក​កណ្តាលស្ទឹង និង​លោក សាន សាវុន អនុប្រធាន​ការិយាល័យ​នីតិកម្ម និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន ត្រូវជា​បងប្អូនជីដូន​មួយ​នឹង​គ្នា ។​

៥-​លោក ញ៉ិល ឈឿន សមាជិក​ក្រុមប្រឹក្សា​ស្រុក​កណ្តាលស្ទឹង និង​ត្រូវជា​មា​របស់លោក​អភិបាលស្រុក មាន​លោក ញ៉ិល សិលា បម្រើ​ការងារ​ជា​នាយករង​រដ្ឋបាល​ស្រុក ជា​កូនបង្កើត ។

៦-​លោក​ចៅហ្វាយស្រុក​រាប់អាន​គ្នា​ជា​បង​ប្អូនធម៌​ជាមួយ​លោក ឈុន តារា (​ត្រូវជា​កូនបង្កើត​ឯកឧត្តម ឈុន ស៊ីរុន អតីត​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង​បច្ចុប្បន្ន​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​) ជា​អភិបាលរង​ស្រុក​កណ្តាលស្ទឹង (​លោក ឈុន តារា អតីត​ជា​អភិបាលរង​ស្រុក​ស្អាង និង​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មកកាន់​តំណែង​ថ្មី​ជា​អភិបាលរង​ស្រុក​កណ្តាលស្ទឹង ដោយ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​២៨៧៥​ប្រក ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩) ។​

៧-​លោក​អភិបាលរង​ស្រុក ឈុន តារា ដែល​ល្បីល្បាញ​ខាង​មិនសូវ​បង្ហាញ​វត្តមាន​បំពេញការងារ​នៅ​រដ្ឋបាល​ស្រុក (​អាង​មាន​នាយក​រដ្ឋបាល​ជួយ​សម្របសម្រួល​ចាត់ចែង​បញ្ជី​វត្តមាន​ជូន​) និង​ត្រូវជា​បងប្អូន​ធម៌​ជាមួយ​លោក​ចៅហ្វាយស្រុក អ៊ូច សៅ​វឿន នោះ មាន​លោក ផន សា​រុំ បម្រើ​ការងារ​ជាម​ន្ត្រី​ការិយាល័យ​ផែនការ​គាំទ្រ​ឃុំ ត្រូវជា​បងប្អូនជីដូន​មួយ​នឹង​គ្នា ។​

៨-​លោក ផន សា​រុំ ដែលជា​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​លោក​អភិបាលរង​ស្រុក ឈុន តារា គឺ​ត្រូវជា​ស្វាមី​របស់លោក​ស្រី ស៊ន ភារ​ម្យ ឋានន្តរស័ក្តិ​នាយក្រមការ​ថ្នាក់​លេខ​៦ ជា​អភិបាលរង​ស្រុក​កណ្តាលស្ទឹង (​តែងតាំង​ដោយ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​២៨៧៥​ប្រក ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩) ។​

៩-​លោក​អភិបាលរង​ស្រុក ឈុន តារា មាន​លោក ហាស់ ភក្ត្រ​សុវណ្ណ ប្រធានការិយាល័យ​ផែនការ​គាំទ្រ​ឃុំ ត្រូវជា​បងប្អូនជីដូន​មួយ​នឹង​គ្នា ។​

១០-​លោក ផន សា​រុំ ស្វាមី​របស់លោក​ស្រី​អភិបាលរង​ស្រុក ស៊ន ភារ​ម្យ និង​លោក ហាស់ ភក្ត្រ​សុវណ្ណ ត្រូវជា​បងប្អូនជីដូន​មួយ​នឹង​គ្នា ។​

​ប្រភពពី​ក្រុម​ឈ្មួញ​រកស៊ី​រណ្តៅ​ដី និង​បូម​ខ្សាច់​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​កណ្តាលស្ទឹង​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា លោក អភិបាលស្រុក អ៊ូច សៅ​វឿន (​ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​១​ត្រូវបានតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​កណ្តាលស្ទឹង ដោយ​អនុក្រឹត្យ​លេខ​៥៥៨​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩) ជាមួយ​លោក សាន សាវុន អនុប្រធាន​ការិយាល័យ​នីតិកម្ម និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន និង​ត្រូវជា​ក្មួយ និង​មាបង្កើត​នោះ​កំពុង​កាក់កប​យ៉ាង​សម្បើម​ជាមួយនឹង​ផលប្រយោជន៍​បានមកពី​រូបភាព​ស្តារ​អូរ ស្ទឹង បូម​យក​ខ្សាច់ និង​ជីករណ្តៅ​ដី​សឹង​ដល់​ក្បាល​ប្រែ​ត​រាប់ពាន់​ហិកតា​នៅ​ទូទាំង​ស្រុក ។​

​សូម​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល និង​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល​មេត្តា​ត្រួត​ពិនិត្យមើល និង​មាន​វិធានការ​ទៅលើ​សំណាញ់​ហ៊ុំព័ទ្ធ​ដោយ​បណ្តាញ​គ្រួសារ និង​បក្ខពួក​របស់លោក អភិបាល​នៃ​គណៈ​អភិបាលស្រុក​នៅ​រដ្ឋបាល​ស្រុក​កណ្តាលស្ទឹង​នោះ​ផង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.