ករណីចម្លងជំងឺ COVID-19 ចូលក្នុងសហគមន៍នៅប្រទេសកម្ពុជាជាលើកដំបូង គឺកើតមានឡើងចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ចេញពីក្រុមគ្រួសាររបស់ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អត្តលេខ០០២៥ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ហើយត្រូវបានអាជ្ញាធរកម្ពុជាប្រសិទ្ធនាមថា «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ។
គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ គឺមានរយៈពេល០១ខែហើយដែលមានករណីចម្លងជំងឺ COVID-19 ចូលសហគមន៍នៅកម្ពុជាដោយមានអ្នកឆ្លងសរុបចំនួន៤១នាក់ (ប្រុស២២នាក់ និង ស្រី១៩នាក់) និងក្នុងនោះមានអ្នកទទួលបានការព្យាបាលជាសះស្បើយសរុបចំនួន៣៨នាក់ (ប្រុស២០នាក់ និងស្រី១៨នាក់) ។ លើសពីនេះ ប្រការគួរឲ្យចាប់អារម្មណ៍នោះ គឺក្នុងរយៈពេល១៤ថ្ងៃចុងក្រោយគ្មានករណីចម្លងជំងឺ COVID-19ក្នុងសហគមន៍ថ្មីទៀតឡើយ ។
I-អ្នកដែលទទួលការឆ្លងចុងក្រោយគេ និងទទួលបានការជាសះស្បើយលឿនមុនគេបង្អស់នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា គឺ ៖ កុមារាម្នាក់ អាយុ០១ឆ្នាំដែលត្រូវជាកូនប្រុសរបស់បុរសអ្នកជំងឺ COVID-19 អាយុ៣៤ឆ្នាំ និងស្ត្រីអ្នកជំងឺ COVID-19 អាយុ៣០ឆ្នាំ (តេស្តឃើញមានផ្ទុកមេរោគ COVID -19 និងដាក់ឲ្យសម្រាកព្យាបាលជំងឺនៅថ្ងៃទី១៤ ខែធ្នូ និងទទួលបានការជាសះស្បើយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០) ។
II-អ្នកដែលសម្រាកព្យាបាលជំងឺមានរយៈពេលយូរជាងគេបង្អស់នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា គឺ ៖ លោកជំទាវ ហេង គង់ អាយុ៥៦ឆ្នាំ ត្រូវជាភរិយា របស់ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ (តេស្តឃើញមានផ្ទុកមេរោគ COVID-19 និងដាក់ឲ្យសម្រាកព្យាបាលជំងឺនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០រហូតមកទល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០មិនទាន់ជាសះស្បើយនៅឡើយ) ។
III-អ្នកដែលកំពុងសម្រាកព្យាបាលជំងឺហើយមិនទាន់ជាសះស្បើយក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា សរុបមានចំនួន០៣នាក់ គឺ ៖ ១-លោកជំទាវ ហេង គង់ អាយុ៥៦ឆ្នាំ (អ្នកជំងឺសម្រាកព្យាបាលយូរជាងគេ) ២-បុរសឈ្មោះ អ៊ី តារា អាយុ២១ឆ្នាំ (តេស្តឃើញមានផ្ទុកមេរោគ និងដាក់ឲ្យសម្រាកព្យាបាលជំងឺនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០) និង ៣-បុរសឈ្មោះ ខន ប្រសើរ អាយុ៣៧ឆ្នាំ (តេស្តឃើញមានផ្ទុកមេរោគ និងដាក់ឲ្យសម្រាកព្យាបាលជំងឺនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០) ។
IV-អ្នកដែលក្លាយជាប្រភពនៃការចម្លងជំងឺ COVID-19 ដំបូងគេបង្អស់ចូលក្នុងសហគមន៍បង្កើតបានជា «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» គឺ ៖ ១-លោកស្រី ឆែម សុនីតា អាយុ៣០ឆ្នាំ ត្រូវជាកូនស្រីឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ និង ២-លោក តាំង សេវិនអាប់ អាយុ៤២ឆ្នាំ បម្រើការងារនៅនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ ។ អ្នកទាំងពីរត្រូវបានក្រសួងសុខាភិបាលធ្វើការសន្និដ្ឋានថា ជាប្រភពទី១នៃការចម្លងជំងឺពីករណីនាំចូលមកកម្ពុជានាអំឡុងខែតុលា ឆ្នាំ២០២០ ។
V-គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ ព្រះរាជាណាចក្រកម្ពុជាមានករណីឆ្លងជំងឺ COVID-19សរុបចំនួន៣៦៤នាក់ (ប្រុស២៧៧នាក់ និងស្រី៨៧នាក់) ក្នុងនោះមានករណីឆ្លងចូលសហគមន៍សរុបចំនួន៤១នាក់ (ប្រុស២២នាក់ និងស្រី១៩នាក់) ករណីជាសះស្បើយសរុបចំនួន៣៦០នាក់ (ប្រុស២៧៤នាក់ និងស្រី៨៦នាក់) ក្នុងនោះករណីជាសះស្បើយពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ចំនួន៣៨នាក់ (ប្រុស២០នាក់ និងស្រី១៨នាក់) និងករណីកំពុងសម្រាកព្យាបាលជំងឺសរុបចំនួន០៤នាក់ (ប្រុស០៣នាក់ និងស្រី០១នាក់) ក្នុងនោះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ចំនួន០៣នាក់ (ប្រុស០២នាក់ និងស្រី០១នាក់) ។
VI-ចំណុចខ្វះខាតរបស់អាជ្ញាធរកន្លងមក គឺ ៖ ភាពធូររលុងក្នុងការធ្វើចត្តាឡីស័ក (ធ្វើមិនពេញលេញមិនស្របតាមនិយាមសុខាភិបាលនៃអង្គការសុខភាពពិភពលោក) និងការលាក់បាំងព័ត៌មានជ្រុលហួសហេតុពាក់ព័ន្ធនឹងជំងឺ COVID-19 ។
VII-ការសន្និដ្ឋាន ៖ រាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងបានទាំងស្រុងទៅលើព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ក្នុងរយៈពេល០១ខែកន្លងទៅនេះ ហើយក៏ជាពេលវេលាដ៏ស័ក្តិសមនាំឲ្យរាជរដ្ឋាភិបាលប្រកាសបិទបញ្ចប់នូវព្រឹត្តិការណ៍ចម្លងជំងឺ COVID-19 ចូលក្នុងសហគមន៍ ២៨ វិច្ឆិកា ផងដែរ ៕