យោងតាមសំណើរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺផ្ទៃដីសាធារណៈរបស់រដ្ឋទំហំ២ ៥៦៥ ១៣៥ម៉ែត្រក្រឡាស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខសម្រេចធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងប្រគល់ជាកម្មសិទ្ធិជូនក្រុមហ៊ុន Cambodia Airport Investment Co.,Ltd. ដែលគេស្គាល់ថាមានឯកឧត្តមឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC និងធនាគារកាណាឌីយ៉ា ជាអ្នកគ្រប់គ្រងដើម្បីសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដោយអនុក្រឹត្យលេខ៨១អនក្រ.បក ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។
តាមគម្រោងនៃការប៉ាន់ស្មានទុករបស់ក្រុមហ៊ុន Cambodia Airport Investment Co.,Ltd. គឺការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនឹងប្រើប្រាស់ទុនវិនិយោគប្រមាណ១,៥ពាន់លានដុល្លារអាមេរិកដោយមិនគិតបញ្ចូលនូវតម្លៃនៃដីធ្លីឡើយ ហើយការដ្ឋានសាងសង់ដំណាក់កាលទី១នឹងបញ្ចប់នៅឆ្នាំ២០២២ , ដំណាក់កាលទី២នឹងបញ្ចប់នៅឆ្នាំ២០៣០ និងដំណាក់កាលទី៣នឹងបញ្ចប់នៅឆ្នាំ២០៥០ ៕