ផ្ទៃដីទំហំ៦០០ហិកតា ស្ថិតនៅឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខសម្រេចកាត់ឆ្វៀលចេញពីដែនព្រៃលិចទឹក និងគម្របព្រៃឈើឆ្នាំ២០០២រួចធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងផ្តល់សិទ្ធិជាកម្មសិទ្ធិឲ្យទៅលោកឧកញ៉ា សេង ញ៉ក់ និងលោកជំទាវ លី អាផណ ប្រធានក្រុមហ៊ុន ដឹ ព្រេមៀ លែន ឯ.ក. (The Premier Land Co.,Ltd.) ដោយអនុក្រឹត្យលេខ៨២អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។
មិនបានដឹងច្បាស់ថា តើរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តមឧកញ៉ា លី យ៉ុងផាត់ សេដ្ឋីជំនួញដ៏ធំនៅប្រទេសកម្ពុជា សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រម្ពុជា និងត្រូវជាឳពុកក្មេកលោកឧកញ៉ា សេង ញ៉ក់ និងលោកឧកញ៉ា សេង ញ៉ក់ បានដោះដូរ ឬកាត់កងអ្វីជាមួយគ្នានោះទេទើបរាជរដ្ឋាភិបាលសម្រេចប្រគល់ដីរដ្ឋទំហំ៦០០ហិកតាឲ្យទៅលោកឧកញ៉ា សេង ញ៉ក់ និងលោកជំទាវ លី អាផណ ធ្វើជាកម្មសិទ្ធិឡើយ ?
គួរបញ្ជាក់ជូនថា លោក សេង ញ៉ក់ ជាប្រធានក្រុមហ៊ុន The Premier Land Co.,Ltd. និងជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន LYP Group ត្រូវជាកូនប្រសារបស់ឯកឧត្តមឧកញ៉ា លី យ៉ុងផាត់ ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៥/១១៧៦ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ៕