ពិតជាមិនសាមញ្ញពេកទេដែលបុរសអ្នកជំនួញម្នាក់ គឺលោក ចេន ហ្ស៊ី ត្រូវបានតែងតាំងឲ្យធ្វើជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មានឋានៈស្មើរដ្ឋលេខាធិការផង (តែងតាំង និងផ្តល់ឋានៈដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៩/១៨០២ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩) ធ្វើជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៦ មានឋានៈស្មើរដ្ឋមន្ត្រីផង (តែងតាំង និងផ្តល់ឋានៈដោយព្រះរាជក្រឹត្យលេខនស/រកត/០៥២០/៥២១ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០) និងធ្វើជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រីផង (តែងតាំង និងផ្តល់ឋានៈដោយព្រះរាជក្រឹត្យលេខនស/រកត/០៦២០/៥៩៥ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០) ពោលគឺ មានឋានៈជា «ឯកឧត្តម» ។
ឯកឧត្តម ចេន ហ្ស៊ី ដែលគេស្គាល់ថាជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Prince Holding Group ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ Prince និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate Group ទទួលបានការផ្តល់គោរមងារជា «អ្នកឧកញ៉ា» ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧២០/៧២៣ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។
ប្រការគួរឲ្យចាប់អារម្មណ៍នោះ គឺនៅត្រង់ថា ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈឯកឧត្តម ចេន ហ្ស៊ី ឲ្យធ្វើជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង, ទីប្រឹក្សាសម្តេចអគ្គមហាបញាចក្រី ហេង សំរិន និង ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទោះបីមានការតែងតាំងក្នុងកាលបរិច្ឆេទមុន និងក្រោយគ្នាក្តី តែមិនបានបញ្ជាក់អំពីព្រះរាជក្រឹត្យលេខនិរាករណ៍ព្រះរាជក្រឹត្យចាស់ ឬព្រះរាជក្រឹត្យតែងតាំងថ្មី បន្ថែមលើមុខងារដែលតែងតាំងដោយព្រះរាជក្រឹត្យចាស់ឲ្យច្បាស់លាស់ឡើយ ខណៈព្រះរាជក្រឹត្យតែងតាំងឲ្យធ្វើជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៦ មានឋានៈស្មើរដ្ឋមន្ត្រី ក៏មិនបានបញ្ជាក់ថាពុំទទួលប្រាក់បំណាច់មុខងារដូចការតែងតាំងឲ្យធ្វើជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងធ្វើជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែរ (Sic!) ។
គួរបញ្ជាក់ជូនថា មុនទទួលបានការតែងតាំង និងផ្តល់ឋានៈឲ្យធ្វើជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង, ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺលោក ចេន ហ្ស៊ី ធ្លាប់ទទួលបានការតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៧/១៨៧ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ៕