លោកជំទាវ ថាយ វ៉ា គង់ សំអុល ភរិយារបស់សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល» តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយព្រះរាជ ក្រឹត្យលេខនស/រកត/១២២០/១៣៣៦ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ។
កាលពីអំឡុងឆ្នាំ២០១៣កន្លងទៅ លោកជំទាវ ថាយ វ៉ា គង់ សំអុល ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ជាតូបការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៣/៥០៤ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣ ។
ដោយឡែក សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ជន្មាយុ៨៤ឆ្នាំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចយកឈ្មោះប្រសិទ្ធនាមឲ្យផ្លូវមួយខ្សែ លេខ២០០៤ ឋិតនៅខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជា «មហាវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល» ដោយស្មារតីលិខិតលេខ៤៦៥សជណ.មយ ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០របស់ទីស្តីការគណៈរដ្ឋមន្ត្រី ៕