ឯកឧត្តម សុខ សូកេន អាយុ៣៧ឆ្នាំ ត្រូវជាកូនប្រុសបង្កើតសពសម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដន្លងដងស្នែងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវជាកូនប្រសាប្រុសឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលកំពុងកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយព្រះរាជក្រឹត្យលេខនស/រកត/ ១២២០/១៣៨៦ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ។
ការណ៍ដែលឯកឧត្តម សុខ សូកេន ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺធ្វើឲ្យកូនប្រុសបង្កើតរបស់សពសម្តេចវិបុលបញ្ញា សុខ អាន ចំនួន៣នាក់ក្នុងចំណោម៤នាក់ បានកាន់កាប់មុខតំណែងជារដ្ឋលេខាធិការនៅក្រសួងសំខាន់ៗក្នុងស្ថាប័ននីតិប្រតិបត្តិចំនួន៣មានឋានៈជា «ឯកឧត្តម»ផ្សេងៗគ្នា រួមមាន ៖
១-ឯកឧត្តម សុខ ពុទ្ធិវុធ អាយុ៤០ឆ្នាំ ត្រូវជាកូនប្រសាប្រុសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាន់តំណែងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ។
២-ឯកឧត្តម សុខ សូកេន អាយុ៣៧ឆ្នាំ ត្រូវជាកូនប្រសាប្រុសឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
៣-ឯកឧត្តម សុខ សូកាន អាយុ៣៧ឆ្នាំ កាន់តំណែងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
ដោយឡែក កូនប្រុសពៅរបស់សពសម្តេចវិបុលបញ្ញា សុខ អាន គឺឯកឧត្តម សុខ សង្វារ អាយុ៣៣ឆ្នាំ កាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ៕