កូនប្រុសបង្កើតទាំង៤នាក់របស់សពសម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងត្រូវជាដន្លងដងស្នែងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាដន្លងដងស្នែងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទទួលបានការតែងតាំងឲ្យកាន់កាប់មុខតំណែងនៅក្នុងក្រសួងចំនួន៤ មានឋានៈជា «ឯកឧត្តម»ផ្សេងៗគ្នានៃស្ថាប័ននីតិប្រតិបត្តិជាបន្តបន្ទាប់ រួមមានដូចខាងក្រោម ៖
១-ឯកឧត្តម សុខ ពុទ្ធិវុធ អាយុ៤០ឆ្នាំ ត្រូវជាកូនប្រសាប្រុសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/១០៤៥ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ (ធ្លាប់ទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការក្រសួង MPTC ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨១៧/៦២៦ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧) ។
២-ឯកឧត្តម សុខ សូកេន អាយុ៣៧ឆ្នាំ ត្រូវជាកូនប្រសាប្រុសឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៦/១០០០ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
៣-ឯកឧត្តម សុខ សូកាន អាយុ៣៧ឆ្នាំ អតីតជាអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាអនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភានីតិកាលទី៦ ទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២២០/១៣៧៤ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ។
៤-ឯកឧត្តម សុខ សង្វារ អាយុ៣៣ឆ្នាំ អតីតជាអគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាមានឋានៈស្មើអនុរដ្ឋលេខាធិការ ទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២២០/១៣៧៣ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ៕