នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលដែលមានឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រីបានចេញលិខិតផ្លូវការមួយច្បាប់លេខ២៥២សខល ជម្រាបជូនអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក.អ ដើម្បីឲ្យមានការបិទដំណើរការអគារកាណាឌីយ៉ា (CANADIA TOWER)ឋិតនៅរាជធានីភ្នំពេញទាំងមូលរហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ខាងមុខដោយក្រសួងសុខាភិបាលបានលើកហេតុផលថា «បុគ្គលិកនៅធនាគារចិនឋិតក្នុងបរិវេណអគារកាណាឌីយ៉ាម្នាក់មានវិជ្ជមានវីរុសCOVID-19 ហើយបានប្រើប្រាស់ជណ្តើរយន្តរួមគ្នានៅអគារកាណាឌីយ៉ា ដូច្នេះត្រូវបិទអគារកាណាឌីយ៉ាទាំងមូលបន្តទៀតរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។ » ។
លើសពីនេះ ក្រសួងសុខាភិបាលក៏បានបញ្ជាក់បន្ថែមទៀតថា បុគ្គលិកដែលធ្វើការនៅអគារកាណាឌីយ៉ាទាំងអស់ត្រូវធ្វើតេស្តជាលើកទី២នៅថ្ងៃទី១៣ ខែធ្នូ និងលើកទី៣នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។
សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ ព្រះរាជាណាចក្រកម្ពុជាមានករណីឆ្លងជំងឺCOVID-19 ចំនួន៣៤៨នាក់ (ក្នុងនោះមានករណីចម្លងចូលសហគមន៍ចំនួន៣២នាក់) ករណីជាសះស្បើយចំនួន៣០៦នាក់ និងករណីកំពុងសម្រាកទទួលការព្យាបាលជំងឺចំនួន៤២នាក់ ៕