លោកឧត្តមសេនីយ៍ យ៉ិនទៀង ពុទ្ធីរ៉ា ក្របខ័ណ្ឌនាយទាហានកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិផង និងក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅអង្គភាពប្រឆាំងអំពើពុករលួយផង និងត្រូវជាកូនប្រុសបង្កើតឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ទទួលបានការតែងតាំងមុខតំណែងថ្មីជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ដោយព្រះរាជក្រឹត្យលេខនស/រកត/១១២០/១២៤៥ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។
គួររំលឹកជូនថា ឯកឧត្តម យ៉ិនទៀង ពុទ្ធីរ៉ា នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ២៣១៤៧៧ (ធ្លាប់ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៣/៧២៨ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣) ធ្លាប់បានកាន់កាប់មុខតំណែងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឯកជនមួយឈ្មោះ Long Sorya Import Export Co.,Ltd. ធ្លាប់ទទួលបានការតែងតាំងជាឧបការីអង្គភាពប្រឆាំងអំពើពុករលួយ មានឋានៈស្មើអគ្គនាយក ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១១/២៩៦ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១១ (ដំឡើងឋានៈស្មើអនុរដ្ឋលេខាធិការ ដោយព្រះរាជ ក្រឹត្យលេខនស/រកត/០៤១៦/៤១៧ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦) និងធ្លាប់បានតែងតាំងជាសមាជិកនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (គជបភ) មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៥/៦០៦ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ព្រមទាំងធ្លាប់បានទទួលការដំឡើងថ្នាក់ប្រចាំឆ្នាំក្នុងក្របខ័ណ្ឌមន្ត្រីរាជការគ្រប់គ្រងរដ្ឋបាលនៅអង្គភាពប្រឆាំងអំពើពុករលួយពីឧត្តមមន្ត្រីថ្នាក់លេខ៥មកឧត្តមមន្ត្រីថ្នាក់លេខ៤ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៧/២១៨ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ៕