លោកស្រី លី ស្រីវីណា អាយុ៥១ឆ្នាំ ដែលគេស្គាល់ថាជាថៅកែគ្លីនិកសម្រាកព្យាបាលជំងឺឈ្មោះ លី ស្រីវីណា នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប និងអតីតជាអ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញនីតិកាលទី៥មកពីគណបក្សសង្គ្រោះជាតិ ហើយត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំដំណាលគ្នាជាមួយគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានរំលាយតាមអំណាចសាលដីកាលេខ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧របស់តុលាការកំពូលនោះ ឥឡូវនេះបានសុំចុះចូលបម្រើជីវភាពនយោបាយក្នុងគណបក្សប្រជាជនកម្ពុជា (CPP) ដែលជាគណបក្សនយោបាយកាន់កាប់អំណាចនៅកម្ពុជាហើយៗក៏ទទួលបាននីតិសម្បទានយោបាយឡើងវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/១១២០/១១៩៨ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ការសុំចុះចូលបម្រើជីវភាពនយោបាយក្នុងគណបក្សប្រជាជនកម្ពុជារបស់លោកស្រី លី ស្រីវីណា ទទួលបានការយល់ព្រមពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួចហើយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ (បន្ទាប់ពីសាមីខ្លួនបានដាក់ពាក្យជាលាយលក្ខណ៍អក្សរសរសេរផ្ទាល់ដៃសុំចុះចូលនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០) ។
ប្រការគួរឲ្យចាប់អារម្មណ៍ផងដែរនោះ គឺការសុំចុះចូលបម្រើជីវភាពនយោបាយក្នុងគណបក្សប្រជាជនកម្ពុជារបស់លោកស្រី លី ស្រីវីណា គឺបានកើតឡើងរយៈពេល០៣ថ្ងៃប៉ុណ្ណោះបន្ទាប់ពីគ្លីនិកសម្រាកព្យាបាលជំងឺឯកជនមួយកន្លែងរបស់លោកស្រីរូបនេះឋិតនៅរាជធានីភ្នំពេញត្រូវបានក្រសួងសុខាភិបាលចេញសេចក្តីសម្រេចបិទដំណើរការជាស្ថាពរ ដោយក្រសួងសុខាភិបាលបានលើកហេតុផលថា «ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ» ខណៈលោកស្រី លី ស្រីវីណា បានអះអាងប្រាប់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដើម្បីសុំចូលបម្រើជីវភាពនយោបាយក្នុងគណបក្សប្រជាជនកម្ពុជាថា «…ចង់យកចំណេះដឹងរបស់ខ្លួនទៅចូលរួមលើកកម្ពស់សេវាសុខាភិបាលឲ្យកាន់តែប្រសើរឡើង…» ទៅវិញ (Sic!) ៕