ឯកឧត្តមបណ្ឌិត ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត ទទួលបានការតែងតាំងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាខាងជំនាញនីតិសាស្ត្រ ដោយអនុក្រឹត្យលេខ៦៥៧អនក្រ.តត ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។
លោក ឯក ឆេងហួត អតីតព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៤/៤៤៨ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ ។ លើសពីនេះ លោក ឯក ឆេងហួត ធ្លាប់ទទួលបានការតែងតាំងជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៥ តាំងពីមានឋានៈស្មើអនុរដ្ឋលេខាធិការ (ព្រះរាជក្រឹត្យលេខនស/រកត/១០១៣/១០៣៩ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣) រហូតដល់មានឋានៈស្មើរដ្ឋលេខាធិការ (ព្រះរាជក្រឹត្យលេខនស/រកត/១២១៣/១៤២៤ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣) មកម្ល៉េះ និងតមកទៀត លោក ឯក ឆេងហួត ក៏ទទួលបានការតែងតាំងមុខតំណែងជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦សាជាថ្មី មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩៥៥ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ពោលគឺមានងារជា «ឯកឧត្តម» ។
អនុលោមតាមស្មារតីនៃព្រះរាជក្រឹត្យលេខនស/រកត/០៧២០/៧៦៦ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការកំណត់ងារសម្រាប់ចៅក្រម និងព្រះរាជអាជ្ញាតាមមុខតំណែង គឺលោក ឯក ឆេងហួត ដែលកំពុងកាន់មុខតំណែងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត ត្រូវមានងារជា «ឯកឧត្តម» ដោយស្វ័យប្រវត្តិ ៕