មាត្រា៦៧ កថាខណ្ឌទី១ និងកថាខណ្ឌទី២នៃច្បាប់ស្តីពីការងារបានចែងបញ្ញត្តិថា «១-នៅពេលចុះហត្ថលេខាលើកិច្ចសន្យាការងារដែលធ្វើឡើងដោយការព្រមព្រៀងគ្នាដោយមានកំណត់ថិរវេលាពិតប្រាកដ ត្រូវតែមានចែងកាលបរិច្ឆេទច្បាស់លាស់នៃការបញ្ចប់កិច្ចសន្យានោះ ។ ២-កិច្ចសន្យាការងារដែលធ្វើឡើងដោយការព្រមព្រៀងគ្នាដោយមានកំណត់ថិរវេលាពិតប្រាកដ មិនអាចមានរយៈពេលលើសពីពីរ(២)ឆ្នាំបានឡើយ ។ កិច្ចសន្យានេះអាចបន្តសាជាថ្មីម្តង ឬច្រើនដងបាន ដរាបណាការបន្តសាជាថ្មីនោះមានថិរវេលាអតិបរមាមិនលើសពីពីរ(២)ឆ្នាំ ។ ការអនុវត្តផ្ទុយនឹងវិធានខាងដើមនាំឲ្យកិច្ចសន្យាការងារនោះក្លាយជាកិច្ចសន្យាដែលគ្មានកំណត់ថិរវេលាពិតប្រាកដ ។ » ។
ដោយឡែក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំមួយលេខ០៥០/១៩ ក.ប/សណន.គបក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្តីពីការកំណត់ប្រភេទកិច្ចសន្យាការងារបានកំណត់ថា «…ទី១ ៖ ប្រសិនបើកិច្ចសន្យាការងារមានថិរវេលាកំណត់លើកទី១មានថិរវេលាកំណត់០៦ខែ ដូច្នេះថិរវេលាកំណត់នៃកិច្ចសន្យាមានថិរវេលាកំណត់ជាអតិបរមា ២ឆ្នាំ ០៦ខែ ។ ទី២ ៖ ប្រសិនបើកិច្ចសន្យាការងារមានថិរវេលាកំណត់លើកទី១មានថិរវេលាកំណត់១ឆ្នាំ ដូច្នេះថិរវេលាសរុបនៃកិច្ចសន្យាមានថិរវេលាកំណត់ជាអតិបរមា ៣ឆ្នាំ ។ ទី៣ ៖ ប្រសិនបើកិច្ចសន្យាការងារមានថិរវេលាកំណត់លើកទី១មានថិរវេលាកំណត់ ២ឆ្នាំ ដូច្នេះថិរវេលាសរុបនៃកិច្ចសន្យាមានថិរវេលាកំណត់ជាអតិបរមា ៤ឆ្នាំ ។ ដូច្នេះ កិច្ចសន្យាការងារមានថិរវេលាកំណត់អាចមានថិរវេលាសរុបច្រើនបំផុតត្រឹម ៤ឆ្នាំ ដោយរាប់បញ្ចូលទាំងថិរវេលានៃកិច្ចសន្យាដំបូង និងការបន្តសាជាថ្មី ។ លើសពីរយៈពេលនេះ កិច្ចសន្យាការងារមានថិរវេលាកំណត់នោះនឹងត្រូវក្លាយជាកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ដោយស្វ័យប្រវត្តិ ។ …» ។
ដំណើររឿងពិត ៖ មានកម្មការិនីម្នាក់បម្រើការងារខាងផ្នែកអនាម័យនៅរោងចក្រកាត់ដេរសម្លៀកបំពាក់យូ.ឌី.អេស ហ្គាមេន (U.D.S Garment Co., Ltd.) មានទីតាំងឋិតនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ អស់រយៈពេល២ឆ្នាំ០៦ខែ(មិនគិតរាប់បញ្ចូលទាំងរយៈពេលបំពេញការងារសាកល្បងចំនួន០២ខែឡើយ) ហើយត្រូវនិយោជក(ថៅកែ)បញ្ឈប់ពីការងារដោយលើកហេតុផលថា «លែងបន្តកិច្ចសន្យាការងារមានថិរវេលាកំណត់» ប៉ុន្តែករណីវិវាទនេះត្រូវបានក្រុមប្រឹក្សាអាជ្ញាកណ្តាលចេញសេចក្តីបង្គាប់លេខ១១៣/១៦ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅត្រង់ចំណុចវិវាទទី៥ ដោយបានបញ្ជាក់ថា «កិច្ចសន្យាការងាររបស់កម្មការិនីរូបនោះបានក្លាយជាកិច្ចសន្យាការងារមានថិរវេលាមិនកំណត់» និងលើសពីនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលក៏បានបញ្ជាក់ទៀតថា «ការបញ្ចប់កិច្ចសន្យាការងារកម្មការិនីរូបនោះ គឺមិនមែនជាការមិនបន្តនៃកិច្ចសន្យាការងារទេ តែជាការបញ្ឈប់ពីការងារដោយខុសច្បាប់» ។
លុះដល់ពេលសំណុំរឿងក្តីឋិតក្នុងសមត្ថកិច្ចតុលាការសាលាដំបូងរាជធានីភ្នំពេញ គឺត្រូវបានលោក កី ម៉ានេរ៉ា អនុប្រធាន និងជាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញសម្រេចសេចក្តី «ច្រានចោល» ពាក្យបណ្តឹងរបស់កម្មការិនីជាដើមចោទដែលសំអាងលើសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនោះទាំងស្រុង ដោយសាលក្រមរដ្ឋប្បវេណីលេខ១៦០៩«ជ១» ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដ្បិតតុលាការសំអាងទៅលើសេចក្តីណែនាំលេខ០៥០/១៩ ក.ប/សណន.គបក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្តីពីការកំណត់ប្រភេទកិច្ចសន្យាការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ដូច្នេះ សរុបសេចក្តីមក បើយោងតាមច្បាប់ស្តីពីការងារតែមួយដូចគ្នាទេ តើថិរវេលាសរុបនៃកិច្ចសន្យាការងារមានថិរវេលាកំណត់(FDC)អតិបរមាពិតប្រាកដមានចំនួនប៉ុន្មានឆ្នាំ ? សូម ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា អ្នកជំនាញខាងវិស័យច្បាប់ មេត្តាជួយបកស្រាយបំភ្លឺឲ្យបានច្បាស់លាស់ផង ៕