ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

រឿង​គួរ​ចាប់អារម្មណ៍​ !​ «​ផ្កាយ​៤»​ហាក់ដូចជា​រំលង​ពីលើ​ស្មា​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​«​ផ្កាយ​៣»​ ហ៊ុន​ ម៉ា​ណែ​ត​

​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ក្រសួងការពារជាតិ​ អត្តលេខ​០៣៣៨៨៣​ និង​ត្រូវជា​កូនប្រុស​ច្បង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ «​ផ្កាយ​៣»​ តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៣​ (​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៣/៦៧១​ ចុះ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៣)​ ។​

​រយៈពេល​ប្រមាណ​៥​ឆ្នាំ​ក្រោយមក​ លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ ក៏​ទទួល​បានការ​តែងតាំង​មុខ​តំណែង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ (​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៨/៦៩៥​ ចុះ​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០១៨)​ ។​ អំឡុង​ឆ្នាំ​២០១៨​នេះ​ដែរ​ ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ ក៏​ទទួល​បានការ​តែងតាំង​មុខ​តំណែង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ (​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៨/៩៣៣​ ចុះ​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៨)​ ដែល​ជា​ការ​ជំនួស​មុខ​តំណែង​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ មាស​ សុភា​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ក្រសួងការពារជាតិ​ អត្តលេខ​០០០០១៦​ ត្រូវ​ទៅ​កាន់​មុខ​តំណែង​ថ្មី​ជា​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ ។​

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ គឺ​នៅ​ត្រង់​ថា​ ទោះបី​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ ចូល​កាន់​មុខ​តំណែង​ជំនួស​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ មាស​ សុភា​ ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ក៏​ដោយ​ ក៏​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ មិន​ទាន់​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ «​ផ្កាយ​៤»​ ឲ្យ​ស្មើនឹង​ផ្កាយ​នៅ​លើ​ស្មា​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ មាស​ សុភា​ អតីត​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​អតីត​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ ព្រមទាំង​មាន​ផ្កាយ​ស្មើនឹង​ផ្កាយ​លើ​ស្មា​របស់​មេបញ្ជាការ​កងទ័ពជើងទឹក​ និង​មេបញ្ជាការ​កងទ័ព​ជើង​អាកាស​នៃ​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ​ក្រសួងការពារជាតិ​នោះ​នៅឡើយ​ ។​

​បច្ចុប្បន្ន​ ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​និង​កំពុង​កាន់កាប់​មុខ​តំណែង​ច្រើន​គួរសម​ ដូច​ខាងក្រោម​ ៖

១-​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ ។​

២-​មេបញ្ជាការ​កងទ័ពជើងគោក​ ។​

៣-​មេបញ្ជាការ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ ។​

៤-​មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ ។​

៥-​អនុប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ ។​

៦-​អនុប្រធាន​ប្រចាំការ​នៃ​ក្រុមការងារ​ពិសេស​ថ្នាក់​ជាតិ​ទទួល​បន្ទុក​កិច្ចការ​អធិបតេយ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

៧-​អនុប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​ផ្តល់​យោបល់​ផ្នែក​អភិបាលកិច្ច​សន្តិសុខ​ ។​

៨-​សមាជិក​ក្រុមប្រឹក្សា​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​…​។​ល​។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​បញ្ចេញ​ទស្សនៈ​ថា​ ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ គួរ​ត្រូវ​បាន​ទទួល​ការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ «​ផ្កាយ​៤»​ ដោយ​មិន​ត្រូវ​ឲ្យ​ «​ផ្កាយ​៤»​ បន្ត​រំលង​ពីលើ​ស្មា​របស់​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ «​ផ្កាយ​៣»​ រូប​នេះ​ឡើយ​ ដោយសារ​មាន​មូលហេតុ​ដូច​ខាងក្រោម​ ៖

១-​ទទួល​សញ្ញាបត្រ​សិក្សា​រៀនសូត្រ​ពីសា​លា​យោធា​ជាន់ខ្ពស់​ WEST​ POINT​ សហរដ្ឋអាមេរិក​ស្រាប់​ ។​

២-​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ «​ផ្កាយ​៣»​ ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៣​មក​ម្ល៉េះ​ ពោល​គឺ​មាន​រយៈពេល​៦​ឆ្នាំ​មក​ហើយ​ ។​

៣-​កាន់​មុខ​តំណែង​ជំនួស​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ មាស​ សុភា​ ដែល​ពាក់​ផ្កាយ​៤​ស្រាប់​ហើយៗ​មេបញ្ជាការ​កងទ័ពជើងទឹក​ មេបញ្ជាការ​កងទ័ព​ជើង​អាកាស​ ក៏​សុទ្ធតែ​ពាក់​ផ្កាយ​៤​គ្រប់ៗ​គ្នា​ថែម​ទៀត​ ។​ ដូច្នេះ​ តើ​មាន​ហេតុផល​អ្វី​ដែល​តម្រូវ​ឲ្យ​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ដែល​ជា​ផ្នែក​កងទ័ព​មាន​សក្តានុពល​ខ្លាំង​ជាងគេ​នៅ​កម្ពុជា​ផង​ ពាក់​ផ្កាយ​ត្រឹម​ «​ផ្កាយ​៣»​ ម្នាក់ឯង​តទៅ​ទៀត​ ?

​សរុបសេចក្តី​មក​ ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ ស័ក្តិសម​នឹង​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ «​ផ្កាយ​៤»​ បំផុត​ ហើយ​ក៏​គ្មាន​អ្វី​ចម្លែក​ដែរ​សម្រាប់​សង្គម​កម្ពុជា​បច្ចុប្បន្ន​នៅ​ពេល​ដែល​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​យោធា​ ហ៊ុន​ ម៉ា​ណែ​ត​ ពាក់​«​ផ្កាយ​៤»​នៅ​លើ​ស្មា​នោះ​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.