សារព័ត៌មាន Sputnik របស់រុស្ស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះឲ្យដឹងថា សហរដ្ឋអាមេរិកបានសម្រេចដកខ្លួនថយចេញពីសន្ធិសញ្ញាហាមប្រាមការរីកសាយភាយអាវុធនុយក្លេអ៊ែរ (INF) ជាមួយរុស្ស៊ីជាផ្លូវការហើយ ខណៈអ្នកវិភាគព្រឹត្តិការណ៍អន្តរជាតិបានសម្តែងនូវការព្រួយបារម្ភថា ការរត់ប្រណាំងសព្វាវុធរវាងប្រទេសមហាអំណាចទាំងពីរនឹងកាន់តែអាក្រក់ខ្លាំងឡើងក្រោយពេលសន្ធិសញ្ញា INF រលាយសាបសូន្យ ។
មុនពេលសន្ធិសញ្ញា INF រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីរលាយសាបសូន្យត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ គឺកាលពីខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ សហរដ្ឋអាមេរិកធ្លាប់បានចោទប្រកាន់ទៅលើរុស្ស៊ីថា លួចអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលរំលោភលើលក្ខខណ្ឌនៃសន្ធិសញ្ញា ខណៈរុស្ស៊ីក៏បានចោទប្រកាន់តបទៅសហរដ្ឋអាមេរិកវិញថា មីស៊ីលធុន Aegis ដែលមានឈ្មោះជាប្រព័ន្ធខែលការពារមីស៊ីលរបស់សហរដ្ឋអាមេរិក តែតាមការពិតជាមីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរសម្រាប់ធ្វើការវាយប្រហារ ដែលជាការរំលោភលើសន្ធិសញ្ញា INF ។
គួររំលឹកជូនថា សន្ធិសញ្ញា INF (Intermediate-Range Nuclear Forces Treaty) ត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ១៩៨៧ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី(អតីតសហភាពសូវៀត) និងចូលជាធរមានអនុវត្តនាថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៨៨ គឺហាមប្រាមការដាក់ពង្រាយអាវុធនុយក្លេអ៊ែរដែលបាញ់ចេញពីផ្ទៃដី និងមានរយៈចម្ងាយមធ្យមចាប់ពី៥០០គីឡូម៉ែត្រទៅ៥ ៥០០គីឡូម៉ែត្រ ៕