ជនជាតិចិនមួយក្រុមបាននាំគ្នាចូលផឹកស៊ីច្រៀងរាំក្នុងហាងខារ៉ាអូខេមួយកន្លែងយីហោ «KTV សប្បាយ សប្បាយ» ឋិតនៅតាមបណ្តោយផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ រួចក៏ស្រវឹងបង្កអំពើហិង្សាទាត់ធាក់ក្បាលទៅលើនារីរងបម្រើខារ៉ាអូខេម្នាក់ឈ្មោះ លីនដា អាយុ២០ឆ្នាំ យ៉ាងទំនើងកាលពីវេលាម៉ោង០២រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរាយការណ៍ឲ្យដឹងថា ក្រោយបង្កអំពើហិង្សាពីសំណាក់ក្រុមជនជាតិចិនទាំងនោះ ក្រុមសន្តិសុខបានឃាត់ខ្លួនជនជាតិចិនម្នាក់ដើម្បីដោះស្រាយគ្នាមួយជំហានសិន ។ ដោយមានការសម្របសម្រួលពីក្រុមសន្តិសុខដើម្បីកុំឲ្យមានរឿងវែងឆ្ងាយផង និងដើម្បីកុំឲ្យប៉ះពាល់ដល់ហាងខារ៉ាអូខេផង ទើបជនជាតិចិនជាជនបង្កបានព្រមសងសំណងជំងឺចិត្តទៅឲ្យនារីរងគ្រោះចំនួន២០០ដុល្លារអាមេរិក ទុកជាការបញ្ចប់រឿងរ៉ាវតែម្តង ៕