មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ ដោយជនជាតិចិនពីរក្រុមបើកបររថយន្តបុកគ្នាបង្កគ្រោះថ្នាក់ចរាចរណ៍នាំឲ្យរំខានដល់កងកម្លាំងសមត្ថកិច្ចនគរបាលខ្មែរនៅត្រង់ចំណុចផ្លូវលេខ៣៦០ កែងផ្លូវលេខ៩៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាក Starex ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AO-3367 បើកបរដោយជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ក្នុងទិសដៅពីកើតទៅលិច និងខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Starex ដូចគ្នា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-3693 បើកបរដោយជនជាតិចិនរួមជាមួយជនជាតិចិនប្រុស-ស្រី៥នាក់ទៀតនៅក្នុងរថយន្តធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៥ក្នុងទិសដៅពីត្បូងទៅជើង ក៏ជ្រុលចង្កូតបុកគ្នាបណ្តាលឲ្យរថយន្តម្ខាងវិលមួយជុំរងការខូចខាតជាដំណំ ។ ភ្លាមៗនោះ ភាគីខាងរថយន្តពណ៌សដោយអាងមានគ្នីគ្នាច្រើនក៏ចុះពីរថយន្តដេញវាយតប់ទៅលើភាគីរថយន្តម្ខាងទៀតបណ្តាលរងរបួសម្នាក់ ហើយក៏ត្រូវបានសមត្ថកិច្ចខ្មែរចុះមកជួយអន្តរាគមន៍ទាន់ពេលវេលា ខណៈភាគីចិនទាំងសងខាងមានបំណងហៅបក្ខពួករៀងៗខ្លួនមកវាយតប់គ្នាបន្តទៀត ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងទៅមន្ត្រីនគរបាលជំនាញចុះមកវាស់វែងរួចក៏យករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ៕