ប្រភពព័ត៌មានពីខេត្តកណ្តាលឲ្យបានដឹងថា សត្វជ្រូករស់ត្រូវបានក្រុមឈ្មួញនាំចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាដោយខុសច្បាប់តាមទោចក្រយានយន្ត (ម៉ូតូ) ជារៀងរាល់ថ្ងៃចាប់ពីម៉ោង២០ (០៨) យប់ រហូតដល់ទៀបភ្លឺតាមច្រកព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយមិនរំខានដល់សមត្ថកិច្ចប្រចាំការនៅមាត់ច្រកទ្វារឡើយ ទោះបីមានបម្រាមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទហាមប្រាមមិនឲ្យមានការនាំចូលសត្វជ្រូករស់ពីប្រទេសវៀតណាមយ៉ាងណាក៏ដោយ ។
ប្រជាពលរដ្ឋរស់នៅស្រុកកោះធំ ខេត្តកណ្តាលក្បែរព្រំដែនកម្ពុជា-វៀតណាម បានរាយការណ៍ឲ្យដឹងថា សត្វជ្រូករស់ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនតាមម៉ូតូចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាស្ទើតែរៀងរាល់យប់ (យ៉ាងតិច១០ម៉ូតូក្នុងមួយយប់) តាមច្រកព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលដោយមិនរំខានដល់មន្ត្រីប្រចាំការមាត់ច្រកទ្វារនោះទេ ។
គួរបញ្ជាក់ជូនថា សព្វថ្ងៃនៅប្រទេសវៀតណាមកំពុងរងការរាតត្បាតដោយជំងឺលើសត្វជ្រូកដ៏សាហាវម្យ៉ាងឈ្មោះ «ជំងឺប៉េសជ្រូកអាហ្វ្រិក» ៕