ថ្ងៃ ពុធ ទី ១៩ ខែ មិថុនា ឆ្នាំ ២០១៩

យក្ស​គំរាម​ហើយ ! ប្រទេស​តំបន់​ឈូង​សមុទ្រ​បើកភ្លើង​ខៀវ​អនុញ្ញាត​ឲ្យ​អាមេរិក​ដាក់ពង្រាយ​នាវាចម្បាំង​ប្រឆាំង​អ៊ីរ៉ង់

បណ្តាញសារព័ត៌មាន​ប​រទេស​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៩​នេះ​ឲ្យ​ដឹងថា ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត (Saudi Arabia) បាន​ដឹកនាំ​បណ្តា​ប្រទេស​មួយចំនួន​នៅ​តំបន់​ឈូង​សមុទ្រ​អនុញ្ញាត​ឲ្យ​មហាអំណាច​សហរដ្ឋអាមេរិក​ដាក់ពង្រាយ​កងកម្លាំង​ទាហាន និង​នាវាចម្បាំង​ត្រៀម​ប្រឆាំង​វាយប្រហារ​ទៅលើ​ប្រទេស​អ៊ីរ៉ង់ ខណៈ​អាមេរិក និង​អ៊ីរ៉ង់ កំពុង​ប្រឈមមុខ​តានតឹង​ដាក់គ្នា ជាពិសេស​ក្រោយពេល​នាវា​ដឹក​ប្រេងឥន្ធនៈ និង​ទីតាំង​ប្រេង​របស់​អា​រ៉ា​ប៊ី សា​អូឌីត រង​ការវាយប្រហារ ។​

​សារព័ត៌មាន Sputnik របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ កងកម្លាំង​ទាហានជើងទឹក​សហរដ្ឋ​អាមេរិក​បានធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ដោយ​ប្រើប្រាស់​នាវា​ផ្ទុក​យន្តហោះ​ធុន USS Abraham Lincoln និង​នាវាចម្បាំង​វាយលុក​ធុន USS Kearsage នៅ​តំបន់​មជ្ឈិមបូព៌ា រួមទាំង​មានការ​បញ្ជូន​យន្តហោះ​ចម្បាំង​វាយលុក និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅកាន់​ប្រទេស​កាតា​ថែមទៀត ដែលជា​សារ​ព្រមាន​ធ្ងន់ៗ​ទៅលើ​ប្រទេស​អ៊ីរ៉ង់ ។ លើសពីនេះ មហាអំណាច​អង់គ្លេស​ដែលជា​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក​ក្នុង​អង្គការ NATO ក៏បាន​បញ្ជូន​កងកម្លាំង​ទាហាន​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​បង្កើន​ការ​យាមល្បាត​ផងដែរ ។​

​លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក​ធ្លាប់បាន​ព្រមាន​ទៅលើ​ប្រទេស​អ៊ីរ៉ង់​តាម​បណ្តាញ​សង្គម Twitter នាពេល​ថ្មីៗ​នេះ​ថា «​ប្រសិនបើ​អ៊ីរ៉ង់​ចង់​ធ្វើសង្គ្រាម​ជាមួយ​អាមេរិក គឺជា​ថ្ងៃ​អវសាន​របស់​ប្រទេស​នេះ ។​» ។​

​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​ធុន USS Abraham Lincoln (CVN-72) គឺជា​នាវាចម្បាំង​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ អាច​ផ្ទុក​យន្តហោះ​ចម្បាំង​រហូតដល់​ជិត​១០០​គ្រឿង បំពាក់​ដោយ​អាវុធ​មី​ស៊ី​ល​វាយលុក​ដ៏​មាន​អានុភាព និង​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ដ៏​រឹងមាំ ។​

​ដោយឡែក នាវាចម្បាំង​អាមេរិក​ធុន USS Kearsage (LHD-3) ប្រវែង​២៥៧​ម៉ែត្រ ជា​នាវាចម្បាំង​បំពាក់​ដោយ​អាវុធ​មី​ស៊ី​ល​វាយលុក​លើ​ផ្ទៃ​ទឹក ពី​ផ្ទៃ​ទឹក​ទៅ​គោលដៅ​លើគោក និង​វាយប្រហារ​ប្រឆាំង​យន្តហោះ រួមជាមួយ​នឹង​កងក​ម្លាំ​ង​នាវិក​ចំនួន​១ ២០៨​នាក់ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.