ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

បានដៃ​ឧកញ៉ា ទ្រី ភាព ? ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព ស្នើសុំ​រាជរដ្ឋាភិបាល​សិក្សា បូម​ស្តារ និង​ធ្វើ​ច្រាំងទន្លេ​មេគង្គ​តាម​យុទ្ធសាស្ត្រ «​ទន្លេ​ចិញ្ចឹម​ទន្លេ​»

កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ​នេះ ក្រុមហ៊ុន ទ្រី ភាព អេ​ន​ជី​នា​រីង ខន​ស្ត្រា​ក់សិន របស់លោក​ឧកញ៉ា ទ្រី ភាព បានដាក់​លិខិត​លាយលក្ខណ៍អក្សរ​ជា​ផ្លូវការ​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើសុំ​គោលការណ៍​អនុញ្ញាត​ចុះ​សិក្សា បូម​ស្តារ និង​ធ្វើ​ច្រាំងទន្លេ​មេគង្គ ចាប់ពី​ចំណុច​មាត់ច្រក​ព្រំដែន​កម្ពុជា វៀតណាម (​ក្អម​សំណ​) រហូតដល់​ចំណុច​ភូមិសាស្ត្រ​ព្រំប្រទល់​ខេត្តកំពង់ចាម ក្រចេះ និង​ទន្លេបាសាក់ តាម​យុទ្ធសាស្ត្រ «​ទន្លេ​ចិញ្ចឹម​ទន្លេ​» (Sic!) ។​

​បន្ទាប់ពី​ទទួលបាន​លិខិត​សំណើ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព ត្រឹមតែ​០១​ថ្ងៃ គឺ​នៅ​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ចំណារ​សម្រេច​ជូន​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម «​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្តល់​មតិ​» និង​ត្រូវបាន​ទីស្តីការគណៈរដ្ឋមន្ត្រី​ចេញ​លិខិត​ជូនដំណឹង​លេខ​២៣៥​សជណ​.​កធ ចុះ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​ទៀតផង ។​

​មិនទាន់​បានដឹងថា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​ផ្តល់​មតិ​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បែបណា​នៅឡើយ​ទេ​ពាក់ព័ន្ធ​នឹង​សំណើ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព នោះ ។​

​ក្រុមអ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម Facebook មួយចំនួន​បានធ្វើ​ការបញ្ចេញ​ទស្សនៈ​របៀប​សម្តែង​ការបារម្ភ​ថា ៖ ខ្លាច​តែ​ដូច​យុទ្ធសាស្ត្រ «​ព្រៃ​ចិញ្ចឹម​ព្រៃ​» ទេ ពីព្រោះ​លោក​ឧកញ៉ា ទ្រី ភាព ជា​អ្នក​ស្រឡាញ់​ព្រៃឈើ​ជាងគេ ដ្បិត​សូម្បី​គេហដ្ឋាន​របស់លោក​ឧក​ញ៉ា​រូបនេះ​ក៏​សម្បូរបែប​ដោយ​គ្រឿង​ធ្វើ​អំពី​ឈើ​ដែរ (Resic!) ។​

​លោក ទ្រី ភាព គឺជា​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​កម្ពុជា​ទទួលបាន​ការ​តែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨០៤/២១៤ ចុះ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០០៤ ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.