អតីតប្រធានសាលាឧទ្ធរណ៍ និងជាសមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាដែលធ្លាប់មានរឿងអាស្រូវពុករលួយកាលនៅកាន់តំណែងជាប្រធានសាលាឧទ្ធរណ៍អស់រយៈពេលជិត១០ឆ្នាំនោះ គឺលោកជំទាវ លី វួចឡេង ទទួលបានការតែងតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ៩ឆ្នាំ (២០១៩-២០២៨) ជ្រើសតាំងដោយរដ្ឋសភានីតិកាលទី៦ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៩/៥១២ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩កន្លងទៅថ្មីៗ ។
លោកជំទាវ លី វួចឡេង អាយុ៦៥ឆ្នាំ ចូលបម្រើការងាររដ្ឋនាអំឡុងឆ្នាំ១៩៧២ ធ្លាប់ទទួលបានការតែងតាំងជាប្រធានសាលាឧទ្ធរណ៍ ដោយព្រះរាជក្រឹត្យលេខជស/រកត/០២០០/១០៦ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០០ និងទទួលបានតំណែងមួយទៀតជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាស្វ័យប្រវត្តិ ។
ក្រោយមក ព្រោះតែជាប់ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយពេលកំពុងកាន់តំណែង លោកជំទាវ លី វួចឡេង ក៏ត្រូវបានបញ្ចប់មុខតំណែងពីប្រធានសាលាឧទ្ធរណ៍យ៉ាងតក់ក្រហល់ឲ្យទៅបម្រើការងារនៅក្រសួងយុត្តិធម៌វិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៧/៣៣៩ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០០៧ និងក៏ត្រូវបានបញ្ចប់មុខតំណែងពីសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមភ្លាមៗផងដែរ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៧/៣៤០ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០០៧ ខណៈលោកជំទាវអតីតប្រធានសាលាឧទ្ធរណ៍រូបនេះមិនត្រូវបានស៊ើបអង្កេត និងឈានទៅផ្តន្ទាទោសក្នុងសំណុំរឿងអំពើពុករលួយអ្វីឡើយ ៕