ថ្ងៃ អង្គារ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩

កិច្ចការ​ខ្ជីខ្ជា​របស់​អ្នកធំ ! អតីត​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​ម្នាក់​ដែល​សុំ​នីតិសម្បទា​ឡើងវិញ​នៅ​ពុទ្ធសករាជ​២០៥៦២ ក៏​ទទួលបាន​ផល​ជា​ផ្លែផ្កា​ដែរ

លោក រៀល ខេ​ម​រិ​ន្ទ្រ អាយុ​៦២​ឆ្នាំ អតីត​សមាជិក​គណៈកម្មាធិការ​នាយក និង​ជា​អតីត​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP)​ធ្លាប់​ត្រូវបាន​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​រយៈពេល​៥​ឆ្នាំ តាម​អំណាច​សាលដីកា​លេខ​៣៤០(​ឆ​) ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​របស់​តុលាការ​កំពូល ហើយក៏​ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៩/៤៣៤ ចុះ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩​តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​ដាក់​លិខិត​លាយលក្ខណ៍អក្សរ​ស្នើសុំ​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​គោលបំណង​បង្កើត​គណបក្សនយោបាយ​ថ្មី​មួយ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២២-២០២៣​ខាងមុខ (Sic!) ។​

​លិខិត​លាយលក្ខណ៍អក្សរ ចុះ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​របស់លោក រៀល ខេ​ម​រិ​ន្ទ្រ ដែល​គោរព​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​គោលបំណង​ស្នើសុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​នោះ គឺមាន​កំហុសឆ្គង​ខាង​អក្ខរាវិរុទ្ធ​ដ៏​ច្រើនសន្ធឹក ដូចជា​ពាក្យ «ព្រះរាជាណាចក្រកម្ពុជា» សរសេរខុសថា «ព្រះរាជណាចក្រកម្ពុជា» ពាក្យ «​គោរព​ជូន​» សរសេរ​ខ្វះ «​ព​» ពាក្យ «​គណៈកម្មាធិការ​នាយក​» សរសេរ​ខ្វះ « : » ពាក្យ «​រដ្ឋមន្ត្រី​» សរសេរ​ខ្វះ «​ម​» ពាក្យ «​នីតិសម្បទា​» សរសេរ​ខុស​ថា «​និតិ​សម្បទា​» ពាក្យ «​រដ្ឋមន្ត្រី​» សរសេរ​ខ្វះ «​ដ្ឋ​» និង​ជាពិសេស ព​.​ស​.២៥៦២ សរសេរ​ខុស​ថា «២០៥៦២» … (Resic!) ។​

​កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ បន្ទាប់ពី​ទទួលបាន​នីតិសម្បទា​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ លោក រៀល ខេ​ម​រិ​ន្ទ្រ ក៏បាន​ដាក់ពាក្យ​ទៅ​ក្រសួងមហាផ្ទៃ​ស្នើសុំ​បង្កើត​គណបក្សនយោបាយ​ថ្មី​មួយ​ឈ្មោះ «​គណបក្ស​ខ្មែរ​អភិរក្សនិយម​» ហើយ​ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចេញ​លិខិត​លេខ​៨៦១​សជណ ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩​អនុញ្ញាត​ជាគោលការណ៍​ឲ្យ​លោក រៀល ខេ​ម​រិ​ន្ទ្រ ជា​តំណាង​ស្ថាបនិក​គណបក្ស​បង្កើត​គណបក្ស​ខ្មែរ​អភិរក្សនិយម សរសេរ​កាត់​ថា (​គ​.​ខ​.​អ​) ។​

​មជ្ឈដ្ឋាន​អ្នកសិក្សា​រៀនសូត្រ និង​ប្រជាពលរដ្ឋ​ដែល​ចូលចិត្ត​តាមដាន​កិច្ចការ​សង្គម និង​អាន​សារព័ត៌មាន​ជាច្រើន​បាននាំគ្នា​លាន់មាត់ និង​ដាក់​ជា​សំណួរ​ទាំង​ហួសចិត្ត​ថា គ្រាន់តែ​សរសេរ​លិខិតផ្លូវការ​ស្នើសុំ​នីតិសម្បទា​ឡើងវិញ​ពី​ការហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​ទៅ​ក្រសួងមហាផ្ទៃ​របស់លោក រៀល ខេ​ម​រិ​ន្ទ្រ តាមរបៀប «​ខ្ជីខ្ជា​» មិន​យកចិត្តទុកដាក់ ឬ​មិនចេះ​សរសេរ​អក្សរ​ខ្មែរ​ប៉ុណ្ណឹង​ទៅហើយ ចុះ​ទម្រាំ​ដល់​ធ្វើជា​អ្នកតំណាងរាស្ត្រ ធ្វើជា​មេគណបក្ស ឬ​មានឱកាស​ធ្វើជា​អ្នកដឹកនាំ​ប្រទេសជាតិ មិនដឹង «​ខ្ជីខ្ជា​» ប៉ុន្មាន​នោះឡើយ ? ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.