ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ ឆ្នាំកុរ ឯកស័ក​ ព​.​ស​.២៥៦៣​ គ​.​ស​.​ ២០១៩

សុភមស្តុ​ !​ វរ​ម​ង្គ​លាជ​យា​តិ​រេ​ក

​ព្រះពុទ្ធ​សករាជ​ ព្រះ​សាសនា​ អតិ​កន្តា​កន្លង​ទៅ​ហើយ​បាន​២៥៦២​ ត្រឹម​ថ្ងៃសៅរ៍​ ១៥​កើត​ ខែ​ពិសាខ​ លុះដល់​ថ្ងៃ​១​រោច​ ខែ​ពិសាខ​ ឆ្នាំកុរ ឯកស័ក​ តទៅ​ចូល​ពុទ្ធសករាជ​២៥៦៣​ ។​

​នឹង​គណនា​ឆ្នាំកុរ​ឥឡូវនេះ​ សង្ក្រាន្ត​ចូល​មក​ដល់​នៅ​ថ្ងៃអាទិត្យ ១០កើត​ ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែមេសា​ គ​.​ស.​ ២០១៩​ វេលា​ម៉ោង​១៥និង​១២​នាទី​ ។​

​ពេល​នោះ​ព្រះអាទិត្យ​ចេញពី​មីនរាសី​ ទៅ​ឋិត​នៅ​ឯ​មេសរាសី​តាម​ផ្លូវ​គោ​វិ​ថី​ គឺ​ផ្លូវ​កណ្តាល​ ទើប​មាន​ទេវធីតា​មួយ​ព្រះ​អង្គជា​មគ្គនាយិកា​ព្រះ​នាម​ ធុង្សៈ​ទេវី​ ជា​បុត្រី​ទី​១នៃ​កបិល​មហាព្រហ្ម​ ទ្រង់​គង់នៅ​ចា​តុនិល​ម្មហា​រា​ជិ​កា​ ទ្រង់​អម្ពរ​ពណ៌ក្រហម​ លម្អ​នៅ​ព្រះ​កាណ៌​ដោយ​ផ្កាទទឹម​ អ​ភ​រណៈ​​បទុមរាគ​ ភក្សាហារ​ទ្រង់​ផ្លែឧទ្ទុម្ពរ​ ព្រះ​ហស្ត​ស្តាំ​ទ្រង់​កងចក្រ​ ព្រះ​ហស្ត​ឆ្វេង​ទ្រង់​សង្ហ័​ ទ្រង់​គង់​ពាក់ឆៀងលើ​ខ្នង​ស្តេច​គ្រុឌ​ជា​ពាហនៈ​ រួច​នាំ​អស់​ទេវបុត្រ​ ទេវធីតា​ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ​កាន់​គុហា​កែវ​ធ​ម្មាលី​នាទី​ភ្នំ​កៃលាស​ ខេត្ត​ហិម​ពា្ត​ជាទី​តម្កល់​ទុក​នូវ​ព្រះ​សិរសា​កបិល​មហាព្រហ្ម​ ដែល​តម្កល់​លើ​ពានមាស​នាំ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាជ​តាម​ផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន​៦០​នាទី​ (២៤​ម៉ោង​)​ ទើប​នាំ​យក​ទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ​ ហើយ​ប្រជុំ​ទេវបុត្រ​ ទេវធីតា​ទាំង​មួយ​សែន​កោដិ​ ចូល​ទៅ​ស្រង់ទឹក​អា​នោ​ត​ត្ត​មហា​ស្រះ​ ដែល​មានទឹក​ហូរ​ចេញពី​បំពង់​ថ្មកែវ​ ដែល​ជា​មាត់​គោ​ឧសភរាជ​ទាំង​៧​ត្រជាក់​ក្សេមក្សាន្ត​ក្នុង​ព្រះរាជ​ហ​ប្ញ​ទ័យ​ ហើយ​នាំ​គ្នា​ចូល​ទៅ​សមាទាន​រក្សាសីល​ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះ​អង្គ​ក្នុង​ភគវតី​សភា​សាលា​ ដែល​វិស្សកម្ម​ទេ​បុត្រ​និមិត្ត​ថ្វាយ​ដើម្បី​បន្ទោបង់​អពមង្គល​ឲ្យ​ជ្រះស្រឡះ​ ហើយ​ចម្រើន​នូវ​សិរី​សួស្តី​ ជ័យ​មង្គល​ ជន្មាយុ​យឺនយូរ​ដល់​ទេវតា​ និង​មនុស្ស​សត្វ​ផង​ទាំងឡាយ​តាំងពី​ឆ្នាំ​ថ្មី​ចូល​មក​ដល់​នេះ​ បាន​ធូរ​ទូលំទូលាយ​ សុខក្សេមក្សាន្ត​តរៀង​ទៅ​ ។​

​ថ្ងៃអាទិត្យ ១០កើត​ ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែមេសា​ គ​.​ស​.២០១៩​ វេលា​ម៉ោង​១៥​និង​១២​នាទី​ ជា​ថ្ងៃ​ចូល​ឆ្នាំកុរ ឯកស័ក​ (​ជា​វារៈ​មហាសង្ក្រាន្ត​)​ ។​

​ថ្ងៃចន្ទ ​១​១កើត​ ខែ​ចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែមេសា​ គ​.​ស​.២០១៩​ ជា​វារៈ​វ័ន​បត​ ។​

​ថ្ងៃ​អង្គារ​ ១២​កើត​ ខែ​ចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែមេសា​ គ​.​ស​.២០១៩​ នៅ​វេលា​ម៉ោង​១៩ ​និង​១២​នាទី​០០វិនាទី​ ជា​វារៈ​ឡើងស័ក​ គម្រប់​ជា​សង្ក្រាន្ត​៣​ថ្ងៃ​ស្រេច​បរិបូណ៌​ចូល​ជាស​កល​ឆ្នាំកុរ​ ឯកស័ក​ ចុល្លសករាជ​១៣៨១​ និង​មហាសករាជ​១៩៤១​តទៅ​ ។​

​នៅ​ក្នុង​ឱកាស​សង្ក្រាន្ត​ទាំង​៣​ថ្ងៃ​ សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ​រៀបចំ​ពលីការ​គ្រឿង​សក្ការៈបូជា​អុជ​ប្រទីបជ្វាលា​ថ្វាយ​ព្រះ​រតនត្រ័យ​ និង​ទទួល​ស្វាគមន៍​ទេវបុត្រ​ ទេវធីតា​ឆ្នាំ​ថ្មី​ ហើយ​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថីយ៍​ជា​ចិត្តអប្រីយ៍​ជាប់​ដោយ​គំនុំគុំកួន​ ព្យាបាទ​ ឈ្នានីស​ដែល​មាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ជ្រះស្រឡះ​ តាំងចិត្ត​ប្រព្រឹត្ត​ល្អ​ប្រកបដោយ​មេត្តា​ ករុណា​ មុទិតា​ ឧបេក្ខា​ និង​បញ្ញា​ ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី​ រក្សាសីល​៥​ឲ្យ​បាន​ជាប់​ជា​និច្ច​ នោះ​ទើប​ទេវតា​នឹង​ឲ្យ​ពរ​សព្ទសាធុការ​ លោក​អ្នក​នឹង​មាន​សិរី​សួស្តី​ សុភមង្គល​ វិបុល​សុខ​គ្រប់​ប្រការ​តាំងពី​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ​ ។​

រណ្តាប់​ទទួល​ទេវតា​ ៖

​រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​ ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ​ ។​ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស​ ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការៈបូជា​ទេវតា​ មាន​ជា​អាទិ៍​ បាយសី​៩​ថ្នាក់​១​គូ​ បាយសី​៧​ថ្នាក់​១​គូ​ បាយសី​៥​ថ្នាក់​១​គូ​ បាយសី​៣​ថ្នាក់​១​គូ​ បាយសី​ប៉ាឆា​ម​១​គូ​ ស្លាធម៌​១​គូ​ ទឹកអប់​១​គូ​ (​ទៀន​៥​ ធូប​៥)​ លាជ​៥​ ផ្កា​៥​ ដាក់​លើ​ជើងពាន​១​គូ​ ចេកនួន​ ចេកណាំវ៉ា​ ដាក់​លើ​ជើងពាន​១​គូ​ ផ្លែ​ឈើ​១១​មុខ​ រៀបចំ​ដាក់​លើ​ជើងពាន​១១​គូ​ ដូង​ឡៅ​១​គូ​ ទឹក​ស្អាត​២​កែវ​ ។​ ស្រេច​ហើយ​នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក​ ត្រូវ​ជួប​ប្រជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយបង្គំ​ព្រះ​ នមស្សការ​ព្រះ​រតនត្រ័យ​ សមាទានសីល​ ហើយ​តាំងចិត្ត​ឲ្យ​ស្អាត​បរិសុទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង​ តម្កល់ចិត្ត​រំពឹងគិត​ទៅ​លើ​ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ជាទី​ពឹង​ ទីរ​ឮ​ក​ លុះ​ចប់​ពិធី​ទទួល​ទេវតា​ ។​

ទំនាយ​ប្រចាំឆ្នាំ​ ៖

​កេណ្ឌ​ព្រះ​ពិរុណសាស្ត្រ​ ៖​ ឆ្នាំ​នេះ​ភព​ព្រហស្បតិ៍​ ជា​អធិបតី​ ដឹកនាំ​ផ្លូវ​ទៅ​សុំ​ទឹកភ្លៀង​ពី​ស្តេច​នាគ​ ហើយ​បាន​នាគ​៥​បង្អុរ​ទឹកភ្លៀង​ចំនួន​៥០០​មេ​ ដែល​ចែក​ចេញ​ជា​ ៖​ -​ចក្រ​វា​ឡ​២០០​មេ​ -​ព្រៃ​ហិមពាន្ត​១៥០​មេ​ -​មហាសមុទ្រ​១២០​មេ​ និង​ជម្ពូទ្វីប​មនុស្សលោក​យើង​មាន​ចំនួន​៥០​មេ​ បណ្តាល​ឲ្យ​មាន​ទឹកភ្លៀង​នៅ​ដើមឆ្នាំ​ល្អ​ កណ្តាល​ឆ្នាំ​ភ្លៀង​តិច​ និង​ចុងឆ្នាំ​ភ្លៀង​ច្រើន​ ។​

​កេណ្ឌ​ធា​រា​ទិ​គុណ​ ៖​ ឆ្នាំ​នេះ​មាន​កេណ្ឌ​(១)​ ត្រូវ​ត្រង់​តេជោធាតុ​ចុះ​ ទំនាយ​ថា​ កាចសាហាវជាងឆ្នាំមុន ។​

​ទំនាយ​ទឹកទន្លេ​ ៖​ ឆ្នាំ​នេះ​ទំនាយ​អំពី​ទឹកទន្លេ​មាន​សំណល់​៥(​ប្រាំ​)​ ទំនាយ​ថា​ ទឹកទន្លេ​ បឹងបួរ​ តូច​ណាស់​ តូច​ជាង​ឆ្នាំ​ទាំងពួង​ ។​

​កេណ្ឌ​ធ​ញ្ញា​ហារ​ ៖​ ឆ្នាំ​នេះ​មាន​កេណ្ឌ​(០)​ មានឈ្មោះ​ថា​ បាបៈ​ ទំនាយ​ថា​ ស្រូវ​ក្នុងស្រែ​ចម្ការ​បាន​ផល​១​ភាគ​ ខូចខាត​អស់​៩​ភាគ​ ស្រូវដុះល្អតែដំបូងនឹងកើតទុរ្ភឹក្សផ្សេងៗ ។​ប្រជានុរាស្ត្រមានសេចក្តីទុក្ខលំបាកព្រោះធញ្ញហារថ្លៃ តំបន់ខ្លះកើតអន្តរាយជាអនេក ទុក្ខ​លំបាក ខ្សត់ខ្សោយ ទីទ័លក្រព្រោះសត្វកណ្តុរបំផ្លាញដំណាំ ។

ទំនាយ​ការ​ធ្វើស្រែ​ ៖​ ទំនាយ​កេណ្ឌ​ការ​ធ្វើស្រែ​មាន​សេស​(៤)​ទំនាយ​ថា​ ស្រែ​ដី​ទំនាប​ និង​ស្រែ​ដី​ទួល​គ្រប់​ទីកន្លែង​បាន​ផល​ល្អ​ដូច​គ្នា​ទាំង​ពីរ​យ៉ាង​ ។​

​កេណ្ឌ​ព្រឹក្សា​ ៖​ ឆ្នាំ​នេះ​ត្រូវ​ចំ​សេស​៥​ ត្រូវ​ត្រង់​ដើម​រកា​ ជា​ស្តេច​ មាន​ទំនាយ​ថា​ មាន​ភ្លៀង​ច្រើន​ ទឹកនឹង​លិច​ស្រូវ​ មនុស្សផងទាំងឡាយឥតមានកល្លិយុគស្រណុកជាពេក ។​

​កេណ្ឌ​ព្រះអាទិត្យ​ ៖​ ឆ្នាំ​នេះ​ព្រះអាទិត្យ​ គឺ​ខ្យល់​ ទំនាយ​ថា​ បន្ទាប់​ពី​ថ្ងៃ​មហាសង្ក្រាន្ត​ទៅ​ពុំមានអន្តរាយអ្វីឡើយ ។

ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត​ ៖

​ទំនាយ​ថ្ងៃ​មហាសង្ក្រាន្ត​ ៖​ ថ្ងៃ​ចូល​ឆ្នាំ​ត្រូវ​នឹង​ថ្ងៃអាទិត្យ ទំនាយ​ថា​ ៖​ ឆ្នាំ​នេះ​ការធ្វើស្រែនឹងមិនសូវបានផលល្អឡើយ ។

​ទំនាយ​ថ្ងៃ​វ័ន​បត​ ៖​ ថ្ងៃ​កណ្តាល​ ត្រូវ​នឹង​ថ្ងៃចន្ទ ទំនាយ​ថា​ ៖​ ឆ្នាំ​នេះ​អំបិលនឹងឡើងថ្លៃ ជំទាវខុណ្នាងនឹងក្តៅក្រហាយចិត្ត ប្រជានុរាស្ត្ររមែងនឹងកើតជំងឺគ្រុនរងាច្រើនជា​អនេក។

ទំនាយ​ថ្ងៃ​ឡើងស័ក​ ៖​ ថ្ងៃ​ចុង​ក្រោយ​ត្រូវ​នឹង​ថ្ងៃអង្គារ​ ទំនាយ​ថា​ ៖​ ឆ្នាំ​នេះរាជអាមាត្យ​មន្ត្រីតូចធំនឹងប្រកបដោយសេចក្តីសុខត្រជាក់ត្រជុំព្រមទាំងមានទ្រព្យសម្បត្តិបរិបូរណ៍ ទោះបីមានការប្រយុទ្ធតស៊ូជាមួយបច្ចាមិត្ត ៕

(​រៀបរៀង​ដោយ​ឯកឧត្តម​ អ៊ឹម​ បុរិន្ទ​ អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​ អន្តរជាតិ​ និង​ជា​នាយកគណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោ​រាស្ត្រ​ និង​ប្រពៃណី​ទំនៀម ទម្លាប់​ខ្មែរ​)

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.