គេហទំព័រសារព័ត៌មាន Sputniknews របស់រុស្ស៊ីបានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះឲ្យដឹងថា លោក Mevlut Cavusoglu រដ្ឋមន្ត្រីការបរទេសតួកគីបានប្រកាសរួចហើយ គឺប្រទេសតួកគីអាចនឹងបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសធុន S-400 ពីប្រទេសរុស្ស៊ីបន្ថែមទៀត ប្រសិនបើសហរដ្ឋអាមេរិកមិនព្រមលក់ប្រព័ន្ធមីស៊ីលធុន Patriot ឲ្យប្រទេសតួកគីទេនោះ ។
លោករដ្ឋមន្ត្រីការបរទេសតួកគីលើកឡើងបែបនេះ គឺបន្ទាប់ពីលោក Recep Tayyip Erdogan ប្រធានាធិបតីប្រទេសតួកគីប្រកាសប្រកាន់ជំហរថា តួកគីមានសិទ្ធិអធិបតេយ្យក្នុងការធ្វើពាណិជ្ជកម្ម និងទិញសព្វាវុធពីបណ្តាប្រទេសដទៃ ទោះបីសហរដ្ឋអាមេរិកបានព្រមានដាក់ទណ្ឌកម្ម ឬលុបចោលការលក់ប្រព័ន្ធមីស៊ីលធុន Patriot និងយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបធុន F-35 ចំនួន១០០គ្រឿងដែលតួកគីបានបញ្ជាទិញនោះក៏ដោយ ។
ក្រៅពីបញ្ជាទិញសព្វាវុធពីសហរដ្ឋអាមេរិក គឺកាលពីខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ប្រទេសតួកគីដែលជាប្រទេសសមាជិកអង្គការ NATO បក្សសម្ព័ន្ធនឹងសហរដ្ឋអាមេរិកនោះធ្លាប់បានបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសធុន S-400 ពីប្រទេសរុស្ស៊ីមានតម្លៃទឹកប្រាក់សរុបរហូតដល់ទៅប្រមាណ២,៥ពាន់លានដុល្លារអាមេរិកដោយមិនខ្វល់ទៅនឹងប្រតិកម្មរបស់សហរដ្ឋអាមេរិក និងមូលដ្ឋានច្បាប់របស់អង្គការ NATO ឡើយ ។
អាវុធមីស៊ីលធុន S-400 ជាប្រព័ន្ធខែលមីស៊ីលការពារដែនអាកាសដែលអង្គការ NATO ហៅថា «SA-21 Growler» គឺជាសព្វាវុធផលិតដោយប្រទេសរុស្ស៊ី ។ មីស៊ីលប្រភេទនេះអាចវាយប្រហារគោលដៅនៅលើអាកាសដូចជា មីស៊ីលផ្លោងឆ្លងទ្វីប (ICBM) និងយន្តហោះចម្បាំងក្នុងរង្វង់ប្រតិបត្តិការចម្ងាយប្រមាណ៤០០គីឡូម៉ែត្រជាមួយនឹងកម្រិតល្បឿនប្រមាណ១៧ ០០០គីឡូម៉ែត្រក្នុង១ម៉ោង ៕