នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិម្នាក់ គឺលោកឧត្តមសេនីយ៍ត្រី លី ដាវីត អត្តលេខ០៥២១៣៣ នាយសេនាធិការរងយោធភូមិភាគទី៣ ត្រូវបានព្រះករុណាព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់លុបឈ្មោះចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទយ៉ាងតក់ក្រហល់តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៨/១៣៧៧ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ព្រោះតែលោកឧត្តមសេនីយ៍យោធារូបនេះតែងសរសេររិះគន់រាជរដ្ឋាភិបាល និងប្រមាថនាយករដ្ឋមន្ត្រីតាមបណ្តាញព័ត៌មានសង្គម Facebook ដែលប្រើប្រាស់ Account ឈ្មោះ «Lee David» ។
ទោះបីត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទរួចហើយក៏ដោយក៏អតីតឧត្តមសេនីយ៍ទោធារូបនេះបានបន្តសរសេររិះគន់ និងប្រមាថធ្ងន់ទៅលើសម្តេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមFacebook ជាហូរហែរហូតត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបចាប់ឃាត់ខ្លួននាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នៅចំណុចភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងត្រូវបានស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាបបើកការស៊ើបសួរចោទប្រកាន់ពីបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ។ លើសពីនេះ ជនត្រូវចោទឈ្មោះ លី ដាវីត អាយុ៤៥ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួនដាក់ពន្ធនាគារខេត្តសៀមរាបនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ។
របាយការណ៍ព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នាពេលចាប់ឃាត់ខ្លួនលោក លី ដាវីត អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ សមត្ថកិច្ចរឹបអូសបានវត្ថុតាងមួយចំនួនដូចជា កាំភ្លើង AK ស្វាយបត់មួយដើម គ្រាប់មួយបង់ទៀតផង ។
នេះគឺជារូបភាពកម្រមួយដែលឧត្តមសេនីយ៍យោធាម្នាក់ហ៊ានរិះគន់ និងប្រមាថធ្ងន់ៗទៅលើរាជរដ្ឋាភិបាល និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតដល់ថ្នាក់អស់បុណ្យស័ក្តិ លុបឈ្មោះចេញពីក្របខ័ណ្ឌ និងធ្លាក់ខ្លួនជាប់គុក ៕