ប្រភពព័ត៌មានពីខេត្តស្វាយរៀងបានឲ្យដឹងថា សត្វជ្រូករស់ចំនួន៨៩ក្បាលត្រូវបានក្រុមឈ្មួញនាំចូលពីប្រទេសវៀតណាមមកកាន់ប្រទេសកម្ពុជាដោយខុសច្បាប់ (គ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញ) ពោលគឺមិនរំខានដល់មន្ត្រីពាក់ព័ន្ធប្រចាំការនៅច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមឡើយ ។ ប៉ុន្តែសំណាងល្អសត្វជ្រូករស់ដែលដឹកតាមរថយន្តចំនួន៣គ្រឿងទាំងនោះត្រូវបានសមត្ថកិច្ចចម្រុះឃាត់ចាប់បាននៅស្រុករមាសហែក និងក្រុងស្វាយរៀងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងទៅថ្មីៗ ។
មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តស្វាយរៀងបានបង្ហើបប្រាប់ឲ្យដឹងថា ឈ្មួញដែលដឹកសត្វជ្រូករស់ខុសច្បាប់ទាំងនោះនឹងប្រឈមការផាកពិន័យជាទឹកប្រាក់ស្មើនឹង២៥លានរៀល ព្រមទាំងតម្រូវឲ្យធ្វើកិច្ចសន្យាត្រឹមត្រូវផងដែរជាមួយអាជ្ញាធរ ។
គួរបញ្ជាក់ជូនថា សព្វថ្ងៃនៅប្រទេសវៀតណាមកំពុងរងការរាតត្បាតដោយជំងឺលើសត្វជ្រូកដ៏សាហាវម្យ៉ាងឈ្មោះ «ជំងឺប៉េសជ្រូកអាហ្វ្រិក» ៕