គេហទំព័រសារព័ត៌មាន Zeenews របស់ឥណ្ឌាបានផ្សព្វផ្សាយកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះឲ្យដឹងថា ប្រទេសចិនបានព្រមព្រៀងលក់យន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយប្រភេទ Rainbow CH-4 និងប្រភេទ Rainbow CH-5 របស់ខ្លួនឲ្យទៅប្រទេសប៉ាគីស្ថាន ខណៈកម្លាំងយោធាប៉ាគីស្ថានមានបំណងយកយន្តហោះគ្មានមនុស្សបើកប្រភេទនេះដាក់ឲ្យប្រើប្រាស់នៅតំបន់ Kashmir ដែលជាតំបន់កំពុងមានជម្លោះយ៉ាងក្តៅគគុកជាមួយប្រទេសឥណ្ឌា ។
យន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយដែលអាចវាយប្រហារកម្ទេចគោលដៅរបស់សត្រូវធុន Rainbow CH-4 អាចបំពាក់សព្វាវុធបានទម្ងន់ប្រមាណជិត៥០០គីឡូក្រាម អាចហោះហើរបានរយៈពេល៤០ម៉ោងក្នុងរយៈចម្ងាយប្រមាណ៥ ០០០គីឡូម៉ែត្រ និងយន្តហោះធុន Rainbow CH-5 អាចផ្ទុកសព្វាវុធបានទម្ងន់ប្រមាណ៣តោន អាចហោះហើរបានរយៈពេល៦០ម៉ោងក្នុងរយៈចម្ងាយប្រមាណ១០ ០០០គីឡូម៉ែត្រ ៕