កាលពីអំឡុងខែកក្កដា ឆ្នាំ២០១១កន្លងទៅ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈឲ្យដឹងថា កម្ពុជានឹងទទួលបានតំណក់ប្រេងដំបូងរបស់ខ្លួននៅវេលាម៉ោង១២ ថ្ងៃទី១២ ខែ១២ (ធ្នូ) ឆ្នាំ២០១២ ។ ប៉ុន្តែជាក់ស្តែងឈានចូលមកដល់ជិតពាក់កណ្តាលឆ្នាំ២០១៩ទៅហើយ លទ្ធផលនៃតំណក់ប្រេងដំបូងរបស់កម្ពុជា «ស្ងាត់ឈឹងដូចចោរលួចសេះ» ។
ដោយឡែក ឯកឧត្តម កែវ រតនៈ ទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា (EDC) ធ្លាប់បានចេញសេចក្តីជូនដំណឹងមួយលេខ៤៣៦០សជណ.អក.លខ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ប្រកាសឲ្យដឹងថា «…ចាប់ពីឥឡូវនេះតទៅវាជាការចេញដំណើរឆ្ពោះទៅកាន់ការរក្សាបានស្ថេរភាពនៃការផ្គត់ផ្គង់សម្រាប់ប្រព័ន្ធរាជធានីភ្នំពេញហើយ ។» ។ ប៉ុន្តែជាក់ស្តែងឈានចូលមកដល់ខែមីនា ឆ្នាំ២០១៩នេះចរន្តអគ្គិសនីផ្គត់ផ្គង់លំនៅឋាននៅរាជធានីភ្នំពេញនៅតែខ្វះខាតដដែល ខណៈ EDC ក្រោមការដឹកនាំរបស់ឯកឧត្តម កែវ រតនៈ ជាអគ្គនាយកនៅតែបន្តធ្វើការកាត់ចរន្តអគ្គិសនីតាមរូបភាពឆ្លាស់គ្នាផ្គត់ផ្គង់ចរន្តអគ្គិសនីសម្រាប់តំបន់នីមួយរហូតដល់ទៅចំនួន៥ម៉ោងឯណោះ ។
ព័ស្តុតាងទាំងនេះហើយដែលឆ្លុះបញ្ចាំងអំពីរបៀបរបបធ្វើការរបស់ថ្នាក់ដឹកនាំប្រទេសកម្ពុជាតាមរូបភាពគ្មានផែនការជាក់លាក់ និងអនុវត្តគម្រោងផែនការគ្មានប្រសិទ្ធភាព និងគ្មានការទទួលខុសត្រូវ ៕