អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ (CNRP) ដែលរលាយដោយសារអំណាចសាលដីកាតុលាការកំពូលចំនួន៤នាក់ទៀតដែលរងការហាមប្រាមធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំទទួលបាននីតិសម្បទាឡើងវិញហើយបន្ទាប់ពីបង្ហាញនូវជំហរ «ឈប់ប្រឆាំង» គឺលោក អ៊ូ ច័ន្ទរ័ត្ន, លោក ជីវ កត្តា, លោក កង គឹមហាក់ និងលោកស្រី ទេព សុទ្ធី ។
លោក ជីវ កត្តា អាយុ៥៧ឆ្នាំ អតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមមកពីគណបក្សសង្គ្រោះជាតិត្រូវបានហាមឃាត់ការធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំតាមអំណាចសាលដីកាលេខ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧របស់តុលាការកំពូល ហើយត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៩/៤៣៦ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។
លោក កង គឹមហាក់ អាយុ៤០ឆ្នាំ អតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមមកពីគណបក្សសង្គ្រោះជាតិត្រូវបានហាមឃាត់ការធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំតាមអំណាចសាលដីកាលេខ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧របស់តុលាការកំពូល ហើយត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៩/៤៣៧ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។
លោក អ៊ូ ច័ន្ទរ័ត្ន អាយុ៥៣ឆ្នាំ អតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវមកពីគណបក្សសង្គ្រោះជាតិត្រូវបានហាមឃាត់ការធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំតាមអំណាចសាលដីកាលេខ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧របស់តុលាការកំពូល ហើយត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៩/៤៣៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។
លោកស្រី ទេព សុទ្ធី អាយុ៤៦ឆ្នាំ អតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវមកពីគណបក្សសង្គ្រោះជាតិត្រូវបានហាមឃាត់ការធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំតាមអំណាចសាលដីកាលេខ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧របស់តុលាការកំពូល ហើយត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៩/៤៣៨ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។
សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះមានអតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៦នាក់ហើយដែលរងការហាមប្រាមធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំទទួលបាននីតិសម្បទាឡើងវិញបន្ទាប់ពីបង្ហាញនូវជំហរ «ឈប់ប្រឆាំង» នឹងឥទ្ធិពលអំណាចរបស់គណបក្សប្រជាជនកម្ពុជា (CPP) ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕