ថ្ងៃ ចន្ទ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩

ឧកញ៉ា​ជួប​ស៊យ​ធំ ! លោក​ឧកញ៉ា គិត ធៀង បងប្រុស​បង្កើត​លោក​ឧកញ៉ា គិត ម៉េង ត្រូវបាន​ឃុំខ្លួន​ដាក់ពន្ធនាគារ​ក្នុង​រឿង​គ្រឿងញៀន​នៅ​ក្លិប​កម្សាន្ត Rock

​សេចក្តីរាយការណ៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩​នេះ លោក សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លោក​ឧកញ៉ា គិត ធៀង ដាក់ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន​ក្រោម​ការចោទប្រកាន់​ពីបទ ចាត់ចែង​សម្រួល​ឲ្យ​មានការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បទ​សមគំនិត ប្រព្រឹត្ត​នៅ​មជ្ឈមណ្ឌល​កម្សាន្ត Rock ឋិត​នៅ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ។​

​ការសម្រេច​បង្គាប់​ឲ្យ​ឃុំខ្លួន​លោក​ឧកញ៉ា គិត ធៀង ដោយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ គឺ​កើតឡើង​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​លោក​ឧកញ៉ា គិត ធៀង កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩​ម្សិលមិញ ក្រោយ​ប្រតិកម្ម​ភ្លាមៗ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បង្គាប់បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ទាំងអស់​តាម​ស្វែងរក​មេខ្លោង​គ្រឿងញៀន​នៅ​ក្លិប​កម្សាន្ត Rock ឲ្យ​ឃើញ និង​ត្រូវ​ចាត់វិធានការ​តាមច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ។​

​លោក គិត ធៀង ដែលមាន​ចរិត​ស្លូតបូត និង​ដឹង​ខុសត្រូវ​ម្នាក់​ត្រូវជា​បងប្រុស​បង្កើត​លោក​ឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​អ្នកជំនួញ​ដ៏​ល្បី​នៅ​កម្ពុជា ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១៩៨/៧០ ចុះ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​១៩៩៨ ។

​អ្វីដែល​លោក​ឧកញ៉ា គិត ធៀង បាន​ជួបប្រទះ​ក្នុង​សំណុំរឿង​គ្រឿងញៀន គឺ​ត្រូវបាន​ចាត់ទុកថា ជាការ «​ជួប​ស៊យ​» យ៉ាង​ធំ​រប​ស់ជន​មាន​ងារ​ជា​ឧកញ៉ា សម្រាប់​ដើមឆ្នាំ​២០១៩​នេះ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.