គេហទំព័រសារព័ត៌មាន Russia Today (RT) របស់រុស្ស៊ីបានផ្សព្វផ្សាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះឲ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុន B-52 ចំនួនពីរគ្រឿងឲ្យបំពេញបេសកកម្មដាច់ដោយឡែកពីគ្នា គឺមួយគ្រឿងហោះហើរលើដែនសមុទ្រចិនខាងត្បូង និងមួយគ្រឿងទៀតហោះហើរលើដែនសមុទ្រចិនខាងកើតដែលជាតំបន់ដែនទឹកកំពុងមានជម្លោះជាមួយបណ្តាប្រទេសជាច្រើន ហើយអំពើរបស់ទីក្រុង Washington ដូច្នេះនឹងបង្កឲ្យទីក្រុងប៉េកាំង (Beijing) ប្រតិកម្មក្តៅក្រហាយមិនខានឡើយ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 ទាំងពីរគ្រឿងរបស់មហាអំណាចសហរដ្ឋអាមេរិកនេះមានមូលដ្ឋាននៅកោះ Guam តំបន់មហាសមុទ្រប៉ាស៊ីហ្វិក បានហោះហើរឆ្លងកាត់ដែនអាកាសកំពុងមានជម្លោះនៅតំបន់សមុទ្រចិនខាងត្បូង និងតំបន់សមុទ្រចិនខាងកើត (ក្បែរឆ្នេរប្រទេសជប៉ុន) ចាប់ផ្តើមកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩កន្លងមកថ្មីៗដើម្បីចូលរួមហ្វឹកហ្វឺនសម្រាប់កងកម្លាំងយោធាសហរដ្ឋអាមេរិក ៕