សារព័ត៌មានបរទេសបានផ្សព្វផ្សាយដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ាគីស្ថានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះកម្លាំងយោធាប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន២គ្រឿងដែលហោះហើររំលោភចូលដែនអាកាសរបស់ខ្លួនបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន៣នាក់ និងអាកាសយានិកម្នាក់ត្រូវបានចាប់ខ្លួន ខណៈឥណ្ឌាបានប្រកាសឲ្យដឹងដែរថា យន្តហោះចម្បាំងធុន MiG21 របស់ខ្លួន និងអាកាសយានិកម្នាក់បានបាត់ខ្លួន ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ខណៈពេលនោះភ្លាមៗកងកម្លាំងទ័ពអាកាសរបស់ឥណ្ឌាក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគីស្ថានធុន F-16 ចំនួន១គ្រឿងវិញជាការសងសឹក ។
ហេតុការណ៍ប៉ះទង្គិចគ្នាដោយអាវុធរវាងឥណ្ឌា និងប៉ាគីស្ថាននៅតំបន់ Kashmir កាន់តែសាហាវ និងតានតឹងនេះ គឺកើតចេញបន្ទាប់ពីក្រុមឧទ្ទាមវាយប្រហារទៅលើក្បួនរថយន្តយោធាឥណ្ឌាបណ្តាលឲ្យស្លាប់បាត់បង់ជីវិតមនុស្សជាង៤០នាក់ ហើយឥណ្ឌាបានចោទប្រកាន់ថា ក្រុមភេរវករទាំងនោះកំពុងលាក់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន ។
ឥណ្ឌា និងប៉ាគីស្ថានបានធ្លាក់ទៅក្នងស្ថានភាពមានជម្លោះជាមួយគ្នាអស់រយៈពេលជាង៧០ឆ្នាំហើយ គឺចាប់តាំងពីអំឡុងឆ្នាំ១៩៤៧មកម្ល៉េះ ៕