វេលាព្រឹកព្រលឹមនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានរថយន្តធុនធំផ្ទុកកុងតឺន័ររួមទាំងដឹកទំនិញបន្ថែមសំពីងសំពោងខ្ពស់យ៉ាងសម្បើមបានធ្វើដំណើរត្បុលចូលក្រោមស្ពានអាកាសស្ទឹងមានជ័យ រាជធានីភ្នំពេញ ប៉ុន្តែទៅមិនរួចក៏បង្ខំចិត្តថយក្រោយវិញបណ្តាលឲ្យប៉ះទង្គិចបាក់បង្កាន់ដៃស្ពាន់តែម្តង និងបង្កឲ្យកកស្ទះចរាចរណ៍ទាំងព្រឹក ។
រថយន្តធុនធំល្មើសទាំងព្រឹកនោះម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3E-0247 និងដាក់ស្លាកសញ្ញាសម្គាល់ថា កងដឹកជញ្ជូន H.C ដែលគេទាំងឡាយស្គាល់ថា ជាក្រុមហ៊ុនរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា (Hun Chea-HC) ត្រូវជាក្មួយប្រុសសម្តេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (កូនប្រុសលោក ហ៊ុន សាន ត្រូវជាបងប្រុសបង្កើតនាយករដ្ឋមន្ត្រី) ។
លោក ហ៊ុន ជា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ អត្តលេខ៥៥៥៥៥ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងពីអនុប្រធាននាយកដ្ឋានកណ្តាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅជាអគ្គាធិការរងនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ១៤៩៤អនក្រ.តត ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ និងរយៈពេល០១ថ្ងៃក្រោយមកក៏ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៧/៣៣៩ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ។
ការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដល់លោកឧត្តមសេនីយ៍ប៉ូលិស ហ៊ុន ជា នេះគឺបន្ទាប់ពីលោកឧត្តមសេនីយ៍ ហ៊ុន ជា ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) កាលពីពាក់កណ្តាលឆ្នាំ២០១៦ ។ មានន័យថា រយៈពេលប្រមាណ១ឆ្នាំ លោកឧត្តមសេនីយ៍ ហ៊ុន ជា បានឡើងឋានន្តរស័ក្តិពីផ្កាយ២ ទៅជាផ្កាយ៣ភ្លាមតែម្តង និងបន្ទាប់ពីទទួលបានការតែងតាំងមុខតំណែងថ្មីជាអគ្គាធិការរងនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ។
លោកឧត្តមសេនីយ៍ ហ៊ុន ជា ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៦/៥៥៩ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ។
មុនពេលទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) លោកឧត្តមសេនីយ៍ ហ៊ុន ជា ទទួលបានការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងពីអនុប្រធាននាយកដ្ឋានចារកម្ម ទៅជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌តាំងពីនៅពាក់ផ្កាយ១ (ឧត្តមសេនីយ៍ត្រី) ដោយអនុក្រឹត្យលេខ៨៩៩អនក្រ.តត ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ។ លោក ហ៊ុន ជា ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) ដោយអនុក្រឹត្យលេខ១២២៤អនក្រ.តត ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ និងទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៤/១១៥៣ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ៕