សារព័ត៌មាន Fox News បានផ្សព្វផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញនេះដោយដកស្រង់សុន្ទរកថារបស់លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីថ្លែងទៅកាន់ប្រជាជនរុស្ស៊ីនាថ្ងៃដដែលឲ្យដឹងថា ទីក្រុង Moscow បានព្រមានទុកជាមុនថា នឹងតម្រង់ក្បាលមីស៊ីលស៊េរីថ្មីមានល្បឿនលឿនជាងសំឡេងរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ប្រសិនបើទីក្រុង Washington ហ៊ានដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមសាជាថ្មីទៀតនៅទ្វីបអឺរ៉ុបក្រោយការដកខ្លួនថយចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ (INF) ។
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានថ្លែងសុន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជនរុស្ស៊ីកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញថា ទីក្រុង Moscow គ្មានបំណងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅលើទ្វីបអឺរ៉ុបទេ ប៉ុន្តែប្រសិនបើសហរដ្ឋអាមេរិកហ៊ានដាក់ពង្រាយមីស៊ីលសាជាថ្មីនៅតាមបណ្តាប្រទេសបក្សសម្ព័ន្ធរបស់ខ្លួននៅទ្វីបអឺរ៉ុប គឺរុស្ស៊ីនឹងចាត់វិធានការឆ្លើយតបដូចគ្នា ដោយមីស៊ីលទំនើបថ្មីៗទាំងអស់របស់រុស្ស៊ីមិនត្រឹមសំដៅទៅរកតែប្រទេសទទួលមីស៊ីលនោះឡើយពោលនឹងតម្រង់ឆ្ពោះទៅរកសហរដ្ឋអាមេរិកតែម្តង ។
អាវុធមីស៊ីលដែលមហាអំណាចរុស្ស៊ីសម្ញែងយកមកគំរាមមហាអំណាចសហដ្ឋអាមេរិកនោះ គឺមីស៊ីលធុន 3M22 Zircon ដែលអង្គការ NATO ហៅថា SS-N-33 ជាប្រភេទមីស៊ីលវាយលុករយៈចម្ងាយមធ្យមអាចបាញ់បានក្នុងកម្រិត ១ ០០០គីឡូម៉ែត្រជាមួយនឹងល្បឿនប្រមាណជិត១ម៉ឺនគីឡូម៉ែត្រក្នុង១ម៉ោង ៕