អស់រយៈពេលប្រមាណ០២-០៣ថ្ងៃមកហើយ ស្ត្រីម្នាក់ឈ្មោះ ហ៊ាន លក្ខិណា ប្រើប្រាស់ Account Facebook ឈ្មោះ «Leakkhena Hean» និងអះអាងថា មានចំណងអាពាហ៍ពិពាហ៍ជាមួយលោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី បាន Post តាមបណ្តាញព័ត៌មានសង្គម Facebook ប្រកាសឲ្យលោក ជា ពេជ្រ ចូលខ្លួនមកដោះស្រាយបញ្ហាក្នុងគ្រួសារ ហើយបើមិនចូលខ្លួនមកដោះស្រាយទេព្រមទាំងអាងអំណាចធ្វើការគំរាមកំហែង គឺនឹងរងការប្តឹងចោទប្រកាន់ពីបទទ្វេពន្ធភាព អនុលោមតាមច្បាប់ស្តីពីឯកពន្ធភាព ។
យោងតាមឯកសារដែល Post ផ្សព្វផ្សាយដោយ Account Facebook ឈ្មោះ «Leakkhena Hean» បានបង្ហាញថា លោក ជា ពេជ្រ កើតថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៧០ មានចំណងអាពាហ៍ពិពាហ៍ជាមួយលោកស្រី ហ៊ាន លក្ខិណា កើតថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៧១ ដោយចុះបញ្ជីបញ្ជាក់អាពាហ៍ពិពាហ៍ថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៩៣នៅខេត្តកណ្តាលតាំងពីលោក ជា ពេជ្រ នៅបម្រើការងារជាអតីតក្រឡាបញ្ជីនៅឡើយ ហើយត្រូវបានមេឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ចេញសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍នាឆ្នាំ២០០៤ ។
មិនទាន់អាចសុំការបំភ្លឺបញ្ជាក់ពីលោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរីបាននៅឡើយគិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០០៩នេះ ពាក់ព័ន្ធនឹងការ Post របស់ Account Facebook ឈ្មោះ «Leakkhena Hean» ដ្បិតទូរស័ព្ទមិនអាចទំនាក់ទំនងបាន ។
លោក ជា ពេជ្រ ជាសិស្សចៅក្រមជំនាន់ទី៣ សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងត្រូវបានតែងតាំងជាព្រះរាជអាជ្ញារងកម្មសិក្សាបម្រើការងារនៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៩/៧៨៨ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០៩ ហើយក៏ត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌអង្គចៅក្រមជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១០/៨៣៣ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១០ ។
ឈានចូលមកដល់ឆ្នាំ២០១៥ លោកព្រះរាជអាជ្ញារង ជា ពេជ្រ ទទួលបានការតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៥/៧៣៤ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ និងបន្ទាប់មកទៀតលោក ជា ពេជ្រ ក៏ត្រូវបានផ្ទេរមុខតំណែងពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរីទល់សព្វថ្ងៃ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៧/២៤៧ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ៕