ថ្ងៃ អង្គារ ទី ២៦ ខែ មីនា ឆ្នាំ ២០១៩

រួចខ្លួន ! តុលាការ​សម្រេច​លើកលែង​ចោទប្រកាន់​លោក ជា មុនី ក្នុង​សំណុំរឿង​សហជីព​១២០​ចោមរោម​ប្តឹង​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​

​លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដែល​ជាប់​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ​នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ក្រោម​ទម្ងន់​នៃ​ពាក្យបណ្តឹង​របស់​ក្រុម​សមាគម​-​សហជីព​ចំនួន​១២០​កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧​នោះ ត្រូវបាន​លោក សេង រិទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​លើកលែង​ចោទប្រកាន់​ហើយ តាម​ដីកា​សម្រេច​លើកលែង​ចោទប្រកាន់​លេខ​៦០៤៩ (​ខ​១) ដ​.​ដ ចុះ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ ហើយ​ការសម្រេច​លើកលែង​ចោទប្រកាន់​នេះ​ត្រូវបាន​ក្រុមគ្រួសារ​ជន​ត្រូវ​ចោទ​ទទួលដំណឹង​នា​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ ។​

​គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ លោក​មេធាវី ដា​រ៉ា សុ​បញ្ញា និង​លោក​មេធាវី កេតុ សុវណ្ណ​ឌី ជា​មេធាវី​តំណាង​ដោយ​អាណត្តិ និង​ការពារ​សិទ្ធិ​ឲ្យ​ក្រុម​សមាគម​-​សហជីព​ចំនួន​១២០ ដាក់ពាក្យ​ប្តឹង​លោក ជា មុនី ត្រូវជា​ប្អូនប្រុស​បង្កើត​សព​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ទៅកាន់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ពីបទ​ញុះញង់ បន្ទាប់ពី​លោក ជា មុនី ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ។ ពាក្យបណ្តឹង​នេះ​បានស្នើ​សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ទៅលើ​លោក ជា មុនី និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក ជា មុនី ចំនួន​១​លាន​ដុល្លារ​អាមេរិក (Sic!) ៕

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.