តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Business Insider បានឲ្យដឹងថា កាលពីខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ សហរដ្ឋអាមេរិកបានបើកប្រតិបត្តិការសមយុទ្ធយោធាទ័ពអាកាសទ្រង់ទ្រាយធំរបស់ខ្លួននៅលើដែនមហាសមុទ្រប៉ាស៊ីហ្វិក ដោយបញ្ចេញយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដ៏ទំនើបធុន B-2 Spirit រួមទាំងយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបធុន F-22 Raptor និងយន្តហោះចម្បាំងធុន F-35 ទៀតផង ដែលទីតាំងសមយុទ្ធយោធារបស់មហាអំណាចអាមេរិកនេះកាន់តែចូលកៀកនឹងដែនអាកាសរបស់មហាអំណាចចិនហើយ ។
យន្តហោះទម្លាក់គ្រាប់បែកដ៏ទំនើបធុន B-2 Spirit របស់សហរដ្ឋអាមេរិកនេះ គឺជាយន្តហោះបំពាក់ដោយគ្រាប់បែកនុយក្លេអ៊ែររហូតដល់ទម្ងន់ប្រមាណ៤០តោន ។ អាចហោះហើរក្នុងរយៈកម្ពស់ដ៏ខ្ពស់ និងហោះហើរបានរហូតដល់ជិត២ម៉ឺនគីឡូម៉ែត្រដោយមិនឈប់ចាក់ប្រេង ព្រមទាំងអាចបំបាំងកាយគេចផុតពីប្រព័ន្ធរ៉ាដារបស់សត្រូវបានយ៉ាងមានប្រសិទ្ធភាពជាមួយនឹងការទម្លាក់គ្រាប់បែកវាយលុកទៅលើគោលដៅសត្រូវបានយ៉ាងល្អដោយបំពាក់គ្រាប់បែកនាំផ្លូវបញ្ជាតាមរយៈផ្កាយរណប ។
យន្តហោះទម្លាក់គ្រាប់បែកធុន B-2 Spirit ផលិតដោយក្រុមហ៊ុន Northrop Corporation/ Northrop Grumman មានតម្លៃរួមទាំងបំពាក់បច្ចេកវិទ្យាសព្វគ្រប់ផងប្រមាណជាង២ពាន់លានដុល្លារក្នុង១គ្រឿង ខណៈមហាអំណាចអាមេរិកមានយន្តហោះទម្លាក់គ្រាប់បែកដ៏ទំនើបប្រភេទនេះជាង២០គ្រឿង ៕