ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីបានផ្សព្វផ្សាយឲ្យដឹងថា រុស្ស៊ីមានអាវុធមីស៊ីលដ៏ទំនើបដើរដោយថាមពលនុយក្លេអ៊ែរហើយ ដែលអាចដំណើរការមិនកំណត់រយៈចម្ងាយឡើយ ពោលគឺថាមពលនុយក្លេអ៊ែរមានកម្រិតណា មិស៊ីលនឹងរត់ដល់កម្រិតចម្ងាយនោះអាចច្រើនថ្ងៃក៏បាន ។ ប៉ុន្តែព័ត៌មាននេះមិនទាន់អាចធ្វើឲ្យបណ្តាប្រទេសបក្សសម្ព័ន្ធមហាអំណាចអាមេរិកជឿទាំងស្រុងនៅឡើយ ។
មីស៊ីលដែលមហាអំណាចរុស្ស៊ីអួតនេះមានឈ្មោះថា 9M730 Burevestnik ដែលអង្គការ NATO ហៅថា SSC-X-9 Skyfall ហើយត្រូវបានសារព័ត៌មានរុស្ស៊ីរាយការណ៍ឲ្យដឹងថា បានធ្វើតេស្តសាកល្បងទទួលបានលទ្ធផលជោគជ័យកាលពីខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗ ។
កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨កន្លងទៅ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីបានអួតប្រកាសអំពីមីស៊ីលប្រភេទនេះថា «ជាមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែរដ៏ទំនើបរបស់យើង ដែលមានអានុភាពស្រដៀងនឹងមីស៊ីលធុន Tomahawk របស់អាមេរិក តែវាអាចរត់បានឆ្ងាយច្រើនដងបើធៀបនឹងមីស៊ីលអាមេរិក គឺរយៈចម្ងាយមិនកំណត់ ។ វាជាប្រភេទមីស៊ីលបំបាំងកាយអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ មានចម្ងាយហោះមិនកំណត់ និងមិនអាចស្ទាក់កម្ទេចបានឡើយក្នុងចំណោមប្រព័ន្ធខែលការពារមីស៊ីលដែលមានសព្វថ្ងៃ ។» ៕