អតីតចៅក្រមសាលាដំបូងខេត្តកណ្តាលម្នាក់ដែលធ្លាប់ទទួលរងការផ្តន្ទាទោសដាក់ពន្ធនាគារអស់រយៈពេល១ឆ្នាំ (ផ្តន្ទាទោសកំណត់២ឆ្នាំ ដោយដាក់ពន្ធនាគារ១ឆ្នាំ និងព្យួរទោស១ឆ្នាំ) ក្រោមការចោទប្រកាន់ពីបទប្រព្រឹត្តស៊ីសំណូកពុករលួយដោយចៅក្រមនាដើមឆ្នាំ២០១២ គឺលោក ហួត ហ៊ាង អាយុ៤៩ឆ្នាំ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់លើកលែងទោសទាំងស្រុងហើយអនុញ្ញាតឲ្យបន្តមុខងារជាចៅក្រមនៅក្នុងក្របខ័ណ្ឌនៃអង្គចៅក្រមវិញតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៨/១៤០០ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ។
គួររំលឹកជូនថា លោក ហួត ហ៊ាង អតីតចៅក្រមសាលាដំបូងខេត្តកណ្តាលត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ឃាត់ខ្លួននៅក្នុងបន្ទប់ធ្វើការតែម្តងនាថ្ងៃទី២០ ខែមករា ឆ្នាំ២០១២ ក្នុងរឿងស៊ីសំណូកពុករលួយជាក់ស្តែងមានទំហំទឹកប្រាក់ចំនួន៥ ០០០ដុល្លារអាមេរិក ។ ក្រោយមកនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាលបានប្រកាសសាលក្រមព្រហ្មទណ្ឌសម្រេចផ្តន្ទាទោសលោកចៅក្រម ហួត ហ៊ាង ដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារត្រឹមរយៈពេល១ឆ្នាំ និង១ឆ្នាំទៀតជាទោសព្យួរពីបទស៊ីសំណូកពុករលួយដោយចៅក្រម ។ ទីបំផុត សំណុំរឿងក្តីពុករលួយរបស់លោកចៅក្រម ហួត ហ៊ាង ក៏បានទៅដល់សាលាឧទ្ធរណ៍សម្រេចផ្តន្ទាទោសតាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ០៨ក្រIVត ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ ។
លោក ហួត ហ៊ាង កើតថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧០ មានកម្រិតវប្បធម៌បរិញ្ញាបត្រច្បាប់ និងបានចូលបម្រើការងាររដ្ឋនាអំឡុងឆ្នាំ១៩៩៥ ។ លោក ហួត ហ៊ាង ជាសិស្សចៅក្រមជំនាន់ទី២សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងត្រូវបានចាត់ឲ្យទៅបម្រើការងារជាចៅក្រមកម្មសិក្សាសាលាដំបូងខេត្តកណ្តាល ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧០៨/៨៥៩ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៨ ។ ក្រោយមក លោកចៅក្រម ហួត ហ៊ាង ក៏ត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌអង្គចៅក្រម និងចាត់ឲ្យបម្រើការងារជាចៅក្រមសាលាដំបូងខេត្តកណ្តាល ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១០/១២៧ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១០ ។
ប្រការគួរឲ្យកត់សម្គាល់នោះ គឺនៅត្រង់ថា ទោះបីទទួលរងការផ្តន្ទាទោសពាក់ព័ន្ធនឹងសំណុំរឿងស៊ីសំណូកពុករលួយក្តី ក៏លោកចៅក្រម ហួត ហ៊ាង មិនត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌដូចចៅក្រម និងព្រះរាជអាជ្ញាមួយចំនួនជាអាទិ៍ លោកចៅក្រម អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ (លុបឈ្មោះចេញពីក្របខ័ណ្ឌអង្គចៅក្រម ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៧/១៦០ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧) និងលោក តុប ច័ន្ទសិរីវុធ អតីតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ (លុបឈ្មោះចេញពីក្របខ័ណ្ឌ ដោយព្រះរាជក្រឹត្យលេខនស/រកត/០១១៥/០៨៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥) … ឡើយ ៕