នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិម្នាក់ និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីត្រូវជាកូនចៅក្រោមឱវាទរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺលោកឧត្តមសេនីយ៍ត្រី គឹម រស្មី ត្រូវបានសម្តេចព្រះករុណាព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់លុបឈ្មោះចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៩/២០៧ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ និងត្រូវបានដកហូតមុខតំណែងពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីយ៉ាងតក់ក្រហល់បន្ទាប់ពីបានសម្ញែងទ្រព្យសម្បត្តិរបស់ខ្លួនក្នុងពិធីខួបកំណើតដោយចែកទ្រព្យសម្បត្តិជាអំណោយឲ្យកូនចំនួន៥នាក់ស្មើនឹងទឹកប្រាក់ប្រមាណ៥០ម៉ឺនដុល្លារអាមេរិក ។ លើសពីនេះ លោក គឹម រស្មី ក៏ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បើកការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយផងដែរ ។
មជ្ឈដ្ឋានជាច្រើនបានលើកឡើងថា ក្រៅពីមានចម្ការកៅស៊ូ និងចម្ការម្រេចផ្ទាល់ខ្លួន ព្រមទាំងកាន់មុខតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី គឺលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មានការជាប់ពាក់ព័ន្ធឋិតនៅពីក្រោយខ្នងនៃការកាប់បំផ្លាញព្រៃឈើនៅខេត្តរតនគិរីអស់ជាច្រើនឆ្នាំរហូតកើបបានទ្រព្យសម្បត្តិមហាសាល ។
លោក គឹម រស្មី នាយទាហាននៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០១៧៨៩៣ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១១/៥៨៩ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១១ ពោលគឺបានពាក់ផ្កាយ១អស់រយៈពេលជិត៨ឆ្នាំ ក៏ត្រូវទទួលរងការលុបឈ្មោះចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទយ៉ាងតក់ក្រហល់តែម្តង ៕