កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅថ្មីៗសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុញ្ញាតឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ផ្ទេរឥណទានថវិកាចំនួន៣៤ ២២២ ៧០០ ០០០រៀល ពីជំពូក៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក៦២ (អត្ថប្រយោជន៍សង្គម) ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ មានឯកឧត្តម អ៊ិត សំហេង ជារដ្ឋមន្ត្រី ។
ឥណទានថវិកាចំនួន៣៤ ២២២ ៧០០ ០០០រៀល (ប្រមាណជាង៨លានដុល្លារអាមេរិក) នេះ គឺសម្រាប់ទូទាត់ចំណាយរៀបចំកម្មវិធីជួបសំណេះសំណាល និងចុះសួរសុខទុក្ខជាមួយបងប្អូនកម្មករ និយោជិត និងឧបត្ថម្ភកម្មការិនីមានផ្ទៃពោះចំនួន២៥ ៥០០លានរៀល និងចំណាយទូទាត់ប្រាក់ឈ្មួល និងប្រាក់អត្ថប្រយោជន៍ជូនកម្មករ និយោជិតនៅរោងចក្រដែលថៅកែបានស្លាប់ និងរត់ចោលចំនួន៨ ៧២២,៧លានរៀល ៕