ក្រៅពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានឡាយព្រះហស្តលេខាត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន១០៧នាក់ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៨/១៣៨៩ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ លើសពីនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានចុះហត្ថលេខាសម្រេចតែងតាំងជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន១៧៣នាក់ទៀត តាមសំណើរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយអនុក្រឹត្យលេខ១១៧២អនក្រ.តត ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ។
ប្រការគួរឲ្យចាប់អារម្មណ៍ និងស្ញប់ស្ញែងពាក់ព័ន្ធនឹងការតែងតាំងទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដ៏ច្រើនគគោកនោះ គឺលេចចេញវត្តមានក្រុមគ្រួសារសាច់ញាតិឯកឧត្តម ជួន មុំថុល មេដឹកនាំសហជីពដង្ហែគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា (CPP) ព្រោងព្រាតដូចខាងក្រោម ៖
១-ឯកឧត្តម ជួន មុំថុល ជាទីប្រឹក្សាក្រសួងមានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ។
២-លោកជំទាវ សុក ថាច (ភរិយាឯកឧត្តម ជួន មុំថុល) ជាទីប្រឹក្សាក្រសួងមានឋានៈស្មើអនុរដ្ឋលេខាធិការ ។
៣-លោក ម៉ុម ឆន (បងប្រុសឯកឧត្តម ជួន មុំថុល) ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើអគ្គនាយករង ។
៤-លោក ឈុំ ឆាត (ក្មួយប្រុសឯកឧត្តម ជួន មុំថុល) ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើអគ្គនាយករង ។
៥-លោក ឃុត ណារិន (ក្មួយប្រុសលោកជំទាវ សុក ថាច) ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើអគ្គនាយករង ។
៦-លោក ជួន មុំថុលវីរៈទេព (កូនប្រុសឯកឧត្តម ជួន មុំថុល) ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើអគ្គនាយករង ។
៧-លោកស្រី ជួន មុំថុលរស្មី (កូនស្រីឯកឧត្តម ជួន មុំថុល) ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើអគ្គនាយករង ។
៨-លោក ជួន មុំថុលច័ន្ទថង (កូនប្រុសឯកឧត្តម ជួន មុំថុល) ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើអគ្គនាយករង ។
៩-លោកស្រី ជួន មុំថុលពិសី (កូនស្រីឯកឧត្តម ជួន មុំថុល) ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើអគ្គនាយករង ។
១០-លោក ជួន មុំថុលរដ្ឋា (កូនប្រុសឯកឧត្តម ជួន មុំថុល) ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើអគ្គនាយករង ។ល។
សរុបសេចក្តីមក ទីប្រឹក្សា និងទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានឯកឧត្តម អ៊ិត សំហេង ជារដ្ឋមន្ត្រី ក្នុងដំណាក់កាលដំបូងមានចំនួន២៨០នាក់ ដែលតែងតាំងដោយព្រះរាជក្រឹត្យផង និងតែងតាំងដោយអនុក្រឹត្យផង ៕