កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខានៅលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១៦៨អនក្រ.បក ស្តីពីការកែសម្រួលផ្ទៃដីបឹងជើងឯកស្ថិតនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសម្រេចកាត់ទំហំផ្ទៃដីមួយចំនួនពីផ្ទៃបឹងជើងឯកដែលបានកំណត់ក្នុងអនុក្រឹត្យលេខ១២៤អនក្រ.បក ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការកំណត់ផ្ទៃបឹងជើងឯក និងប្រឡាយស្ថិតនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងស្រុកតាខ្មៅ (បច្ចុប្បន្នក្រុងតាខ្មៅ) ខេត្តកណ្តាលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដើម្បីធ្វើអនុបយោគជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋប្រគល់ជាកម្មសិទ្ធិជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ។
ប្រការគួរឲ្យចាប់អារម្មណ៍ និងអស់សំណើចទៅនឹងស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១៦៨អនក្រ.បក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការកែសម្រួលផ្ទៃបឹងជើងឯកស្ថិតនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលនោះ គឺបានសរសេរនៅត្រង់ប្រការ១ និងប្រការ២ (និយាយអំពីការកាត់ និងប្រគល់ទំហំផ្ទៃដី) ជាលេខថា «១៩.៧៣៦ម៉ែត្រក្រឡា» តែជាអក្សរថា «ដប់ប្រាំបួនម៉ឺនប្រាំពីររយសាមសិបប្រាំមួយ» ម៉ែត្រក្រឡា ពោលគឺ «ខុសគ្នា១០ដង» ទៅវិញ (Sic!) ៕