សារព័ត៌មាន Sputnik របស់រុស្ស៊ីបានផ្សព្វផ្សាយកាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះឲ្យដឹងថា កម្លាំងយោធានៃប្រទេសអ៊ីស្រាអែលបានសម្រេចជោគជ័យក្នុងការបាញ់តេស្តសាកល្បងនូវប្រព័ន្ធប្រឆាំងមីស៊ីលផ្លោងមានឈ្មោះថា Arrow3 ឬ Hetz3 ដែលជាសមិទ្ធផលអភិវឌ្ឍន៍រួមគ្នារវាងអ៊ីស្រាអែល និងមហាអំណាចសហរដ្ឋអាមេរិក ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអ៊ីស្រាអែលបានឲ្យដឹងថា ក្នុងអំឡុងពេលនៃការបាញ់តេស្តសាកល្បងប្រព័ន្ធគ្រាប់មីស៊ីលប្រឆាំងមីស៊ីលផ្លោងធុន Arrow3 ដែលបម្រើមុខងារស្ទាក់កម្ទេចមីស៊ីលផ្លោងប្រភេទ ICBM (Intercontinental Ballistic Missile) គឺវារត់ចំគោលដៅតាមការគ្រោងទុកយ៉ាងល្អឥតមានខុស ។
មីស៊ីលឈ្មោះ Arrow3 ឬ Hetz3 ជាប្រព័ន្ធប្រឆាំងមីស៊ីលផ្លោងត្រូវបានអភិវឌ្ឍន៍រួមគ្នារវាងប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដើម្បីបំពេញតម្រូវការលើវិស័យយោធាអ៊ីស្រាអែលដែលស្នើចង់បានប្រព័ន្ធមីស៊ីលដ៏មានអានុភាព និងប្រសិទ្ធភាពទប់ទល់ជាមួយមីស៊ីលផ្លោងជាងប្រព័ន្ធមីស៊ីល MIM-104 Patriot ។
អ៊ីស្រាអែលដែលជាប្រទេសគាំទ្រដោយមហាអំណាចសហរដ្ឋអាមេរិកបាន និងកំពុងប្រឈមការគំរាមកំហែងយ៉ាងខ្លាំងពីអ៊ីរ៉ងដែលជាប្រទេសគាំទ្រដោយមហាអំណាចរុស្ស៊ី រហូតដល់លោក Aziz Nasizadeh មេបញ្ជាការកងទ័ពអ៊ីរ៉ង់ធ្លាប់ព្រមានធ្ងន់ៗថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចនឹងកម្ទេចអ៊ីស្រាអែលឲ្យរលាយបាត់ចេញពីផែនដី ៕