សេចក្តីរាយការណ៍ពីសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ ចៅក្រមស៊ើបសួរសាលាដំបូងចំនួន២រូប គឺលោក ងួន ណារ៉ា ប្រធានសាលាដំបូង និងលោកស្រី គឹម សុគន្ធា បានចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទជាជនជាតិចិនចំនួន១៩នាក់ ក្រោមការស៊ើបសួរចោទប្រកាន់ពីបទបើកបនល្បែងស៊ីសងដោយគ្មានច្បាប់អនុញ្ញាត ។
គួររំលឹកជូនថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗកងកម្លាំងសមត្ថកិច្ចនគរបាលបានចាប់ឃាត់ខ្លួនជនជាតិចិនប្រុស-ស្រីចំនួន២១នាក់ (ក្នុងនោះស្រី៥នាក់) ព្រោះតែធ្វើសកម្មភាពទាំងសម្បុកបើកបនល្បែងស៊ីសងគ្មានច្បាប់អនុញ្ញាតចំនួន២ទីតាំងផ្សេងគ្នានៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ បន្ទាប់ពីបញ្ចប់ការសាកសួរឃើញមិនមានតម្រុយពាក់ព័ន្ធនឹងបទល្មើសនោះ គឺជនជាតិចិនចំនួន២នាក់ត្រូវបានសមត្ថកិច្ចដោះលែងឲ្យមានសេរីភាពវិញ ៕