សារព័ត៌មាន Kyodo របស់ជប៉ុនដែលដកស្រង់ការផ្សាយដោយសារព័ត៌មាន Sputnik របស់រុស្ស៊ីនាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនកំពុងពិចារណាចុះសន្ធិសញ្ញាសន្តិភាពជាមួយប្រធានាធិបតីរុស្ស៊ីប្រសិនបើទីក្រុង Moscow យល់ព្រមប្រគល់កោះចំនួន២នៃប្រជុំកោះ Kuril Islands ឲ្យមកខ្លួនវិញ ខណៈកន្លងទៅថ្មីៗរុស្ស៊ីធ្លាប់បង្ហើបប្រាប់ទីក្រុង Tokyo ថា រុស្ស៊ីចង់បានប្រជុំកោះ Kuril Islands ទាំងមូល ។
សេចក្តីរាយការណ៍ដោយសារព័ត៌មាន Kyodo បានឲ្យដឹងថា លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុនកំពុងសម្លឹងមើលជម្រើសនៃការផ្ទេរកោះចំនួន២នៃប្រជុំកោះ Kuril Islands ពីរុស្ស៊ីយកមកឲ្យជប៉ុនវិញ ដែលជប៉ុនឲ្យឈ្មោះថា Habomai និង Shikotan ដើម្បីបញ្ចប់វិវាទរាប់ទសវត្សរ៍រវាងប្រទេសទាំងពីរ ។
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe នឹងត្រូវជួបពិភាក្សាគ្នាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅទីក្រុង Moscow នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសជម្លោះប្រជុំកោះ Kuril Islands ដែលជារឿងរសើបបំផុត ។
ប្រជុំកោះ Kuril Islands មានកោះទាំងតូច ទាំងធំសរុបចំនួន៥៦កោះ និងផ្ទៃក្រឡាទំហំប្រមាណ១០ ៥០៣គីឡូម៉ែត្រក្រឡា ។ កោះចំនួន៤នៃប្រជុំកោះ Kuril Islands គឺកោះ Habomai កោះ Shikotan កោះ Iturup និងកោះ Kunashir បានធ្លាក់ក្នុងស្ថានភាពជម្លោះរវាងមហាអំណាចរុស្ស៊ី និងជប៉ុន ដោយកោះទាំងបួននេះកំពុងឋិតនៅក្រោមការគ្រប់គ្រងមិនផ្លូវការរបស់មហាអំណាចរុស្ស៊ី ៕