គេហទំព័រសារព័ត៌មាន Channelnewsasia បានផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះដោយដកស្រង់សម្តីរបស់លោក Ng Eng Hen រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីឲ្យដឹងថា សិង្ហបុរីប្រកាសគ្រោងនឹងបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបជំនាន់ទី៥ធុន F-35 ប៉ុន្មានគ្រឿងដំបូងពីសហរដ្ឋអាមេរិកដើម្បីដាក់ជំនួសយន្តហោះចម្បាំងធុន F-16 របស់ខ្លួនដែលត្រូវចូលនិវត្តន៍ក្នុងបំណងធ្វើឲ្យប្រសើរឡើងខាងសមត្ថភាពលើវិស័យយោធា ។
សេចក្តីរាយការណ៍បានឲ្យដឹងថា សិង្ហបុរីមានចំណាប់អារម្មណ៍លើការបញ្ជាទិញយន្តហោះចម្បាំងធុន F-35B ពីសហរដ្ឋអាមេរិកដើម្បីជំនួសយន្តហោះចម្បាំងធុន F-16 ប្រមាណជា៦០គ្រឿងរបស់ខ្លួនដែលនឹងត្រូវចូលនិវត្តន៍នៅក្រោយឆ្នាំ២០៣០ខាងមុខ បន្ទាប់ពីដាក់ឲ្យធ្វើប្រតិបត្តិការលើកដំបូងកាលពីអំឡុងឆ្នាំ១៩៩៨ ។
យន្តហោះចម្បាំងធុន F-35B ផលិតដោយក្រុមហ៊ុន Lockheed Martin Aeronautics របស់សហរដ្ឋអាមេរិក ដែលដាក់ឲ្យដំណើរការហោះហើរដំបូងនាអំឡុងឆ្នាំ២០១៥ ។ យន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ប្រភេទនេះមានសមត្ថភាពប្រយុទ្ធដ៏ខ្លាំងក្លាដោយអាចបំពាក់អាវុធមីស៊ីលវាយលុកលើដែនអាកាស វាយប្រហារមកលើផ្ទៃដី ប្រឆាំងនាវាចម្បាំងក្នុងរយៈចម្ងាយឆ្ងាយ និងអាចទម្លាក់គ្រាប់បែកធុន Mark82-83-84GP ព្រមទាំងគ្រាប់បែកនុយក្លេអ៊ែរធុន B61-12 ទៀតផង ជាមួយនឹងការហោះហើរបានគ្រប់ស្ថានភាពអាកាសធាតុទាំងអស់ក្នុងកម្រិតល្បឿនជិត២ ០០០គីឡូម៉ែត្រក្នុង១ម៉ោង ។ យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបធុន F-35B របស់សហរដ្ឋអាមេរិកនេះមានតម្លៃប្រមាណជាង១០០លានដុល្លារអាមេរិកក្នុង១គ្រឿង ៕