ថ្ងៃ អាទិត្យ ទី ២១ ខែ មេសា ឆ្នាំ ២០១៩

ដុត​ក​ម្ពៅ​ដើមឆ្នាំ ! នាវាចម្បាំង​អាមេរិក និង​អង់គ្លេស​រួមគ្នា​ធ្វើ​សមយុទ្ធ​យោធា​យ៉ាង​កក្រើក​ជិត​១​សប្តាហ៍​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​

សារព័ត៌មាន Sputnik របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​ឲ្យ​ដឹងថា កងកម្លាំង​នាវាចម្បាំង​របស់​សហរ​ដ្ឋ​អាមេរិក និង​អង់គ្លេស​បាន​បើក​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជា​លើកដំបូង​រយៈពេល​ជិត​១​សប្តាហ៍​នៅលើ​ដែនសមុទ្រ​ចិន​ខាងត្បូង ។​

​តាម​សេចក្តីថ្លែងការណ៍​របស់​កងកម្លាំង​ដឹកនាំ​នាវាចម្បាំង USS McCampbell សហរដ្ឋអាមេរិក និង​នាវាចម្បាំង HMS Argyll អង់គ្លេស​បាន​ឲ្យ​ដឹងថា កងកម្លាំង​នាវាចម្បាំង​សហរដ្ឋអាមេរិក​បានធ្វើ​សមយុទ្ធ​យោធា​ទ្វេភាគី​រួមគ្នា​ជា​លើកដំបូង​នៅលើ​តំបន់​ផ្លូវទឹក​យុទ្ធសាស្ត្រ​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​អស់​រយៈពេល​០៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១១ ខែមករា ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​ម្សិលមិញ ។​

​កាលពី​ចុងឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ កងកម្លាំង​ទាហានជើងទឹក​សហរដ្ឋ​អាមេរិក អង់គ្លេស និង​ជប៉ុន ក៏​ធ្លាប់បាន​បើក​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ផងដែរ​បន្ទាប់ពី​មហាអំណាច​ចិន​សាងសង់​មូលដ្ឋាន​យោធា​ដ៏​រឹងមាំ​នៅ​ទីនោះ ។

​ដែនសមុទ្រ​ចិន​ខាងត្បូង​ទំហំ​៥០០ ០០០​គីឡូម៉ែត្រ​ក្រឡា ដែលជា​កំណប់ទ្រព្យ​មហាសាល​របស់​មហាអំណាច​ចិន​កំពុង​ឋិត​ក្នុងស្ថានភាព​ជម្លោះ​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី ដូចជា វៀតណាម ព្រុយ​ណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​តៃវ៉ាន់ ។ ទោះបី​ឋិត​ក្នុងស្ថានភាព​មាន​ជម្លោះ​ដែនទឹក​ក្តី ក៏​មហាអំណាច​ចិន​បាន​សម្រុក​សាងសង់​មូលដ្ឋាន​យោធា​យ៉ាងរឹងមាំ​លើ​កោះ​សិប្ប​និមិត្ត​នៅ​ទីនោះ ដូចជា ព្រលានយន្តហោះ​សម្រាប់​យន្តហោះ​ចម្បាំង​ចុះចត ដំឡើង​អាវុធ​ប្រឆាំង​យន្តហោះ និង​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល ព្រមទាំង​បង្កើត​តំបន់​ការពារ​ដែនអាកាស (ADIZ) ទៀតផង ។​

​នាវាចម្បាំង​ធុន USS McCampbell (DDG-85) របស់​សហរដ្ឋអាមេរិក​មាន​បំពាក់​ដោយ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រយុទ្ធ​ដ៏​ខ្លាំងក្លា​ធុន Tomahawk និង​អាវុធ​ប្រឆាំង​យន្តហោះ​ជាច្រើន​ដើម​ទៀត ។ ដោយឡែក នាវាចម្បាំង​ធុន HMS Argyll (F231) របស់​អង់គ្លេស​មាន​បំពាក់​ដោយ​អាវុធ​ប្រឆាំង​មី​ស៊ី​ល​លើ​ដែនអាកាស និង​ប្រឆាំង​យន្តហោះ​យ៉ាង​ទំនើប ។​

​មិនទាន់​បានដឹង​អំពី​ប្រតិកម្ម​របស់​មហាអំណាច​ចិន​ទាក់ទង​ទៅនឹង​សកម្មភាព​សមយុទ្ធ​យោធា​ទ្វេភាគី​រួមគ្នា​របស់​មហាអំណាច​អាមេរិក និង​អង់គ្លេស​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​នោះ​យ៉ាងណា​នៅឡើយ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.