ថ្ងៃ អាទិត្យ ទី ២១ ខែ មេសា ឆ្នាំ ២០១៩

​ផ្កាយ​អើយ អើយ​ផ្កាយ ផ្កាយ​រះ​ព្រោងព្រាត ផ្កាយ​ចាយលុយ​ជាតិ ច្រើន​ឥត​គណនា​…!!

អតីត​តារា​សម្តែង​ក្នុង​វិស័យ​សិល្បៈ និង​ក្រោយមក​ត្រូវបាន​លើកស្ទួយ​ជា​ពិធីករ​ដ៏​លេចមុខ​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន (Bayon TV) ជា​កម្មសិទ្ធិ​របស់លោក​ជំទាវ ហ៊ុន ម៉ា​ណា អ្នកជំនួញ​ដ៏​សកម្ម​ត្រូវ​កូនស្រី​ច្បង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ជា​ម្ចាស់​ទស្សនៈ «​ស្រុក​ខ្មែរ​គ្មាន​យួន​» គឺ​លោក អេង រិទ្ធី បាន​ក្លាយជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ម្នាក់ អត្តលេខ​១៦៣២១៤ មានឈ្មោះ​បម្រើ​ការងារ​នៅ​ខុទ្ទកាល័យ​បញ្ជាការដ្ឋាន​អង្គរក្ស​ក្នុងឋានៈ​ជា​នាយរងខុទ្ទកាល័យ​យ៉ាង​ហ៊ឺហា ។

​ការណ៍​ដែល​លោក អេង រិទ្ធី អតីត​ជាតា​រា​សម្តែង អតីត​ជា​ពិធីករ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន និង​ជា​ម្ចាស់​ទស្សនៈ «​ស្រុក​ខ្មែរ​គ្មាន​យួន​» បាន​ក្លាយជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​១៦៣២១៤​នោះ គឺ​មិនបាន​ប្រើប្រាស់​ឈ្មោះ​ដែល​គេ​ធ្លាប់​ស្គាល់​ថា «​អេង រិទ្ធី​» ទេ ដោយ​ប្រើ​ឈ្មោះថា «​ម៉ែន អេង​» វិញ ។​

​លោក ម៉ែន អេង ហៅ អេង រិទ្ធី នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​១៦៣២១៤ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១១៦/១០០៧ ចុះ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦ បន្ទាប់ពី​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥) ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៨៤០​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៤ (​រយៈពេល​ប្រមាណ​២​ឆ្នាំ​០៥​ខែក្រោយ​មក​) ។​

​ដោយឡែក ក្រៅពី​បម្រើ​ការងារ​នៅ​ស្ថានីយ៍ទូរទស្សន៍​អប្សរា (Apsara TV) ក្នុង​កម្មវិធី Apsara Net ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​រាជរដ្ឋាភិបាល​យ៉ាង​ប្តូរផ្តាច់​នោះ គឺ​កញ្ញា យុង ខេមរា ក៏​ជា​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ​ម្នាក់​ដែរ ដោយ​ធ្លាប់​កាន់​មុខតំណែង​ជា​នាយសេនាធិការរង និង​ជា​នាយការិយាល័យ​ទី​៥ ទទួលបន្ទុក​ការងារ​អប់រំ ផ្សព្វផ្សាយ និង​កិច្ចការ​នយោបាយ​យោធា​នៃ​បញ្ជាការដ្ឋាន​កងពលតូច​ថ្មើរជើង​លេខ​៧០ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ។​

​ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ជា​ប្រមុខ និង​សម្តេច​ពិជ័យ​សេនា​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​ដោយសារ​មានគុណ​សម្បត្តិ​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​បានល្អ​ប្រសើរ​ផង​នោះ គឺ​កញ្ញា យុង ខេមរា នាយទាហាន​ថ្នាក់​វរសេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០៣២៤២១ នាយសេនាធិការរង​ក​ង​ពល​តូច​លេខ​៧០ ក៏​ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា មេបញ្ជាការរង​កងពល​តូច​លេខ​៧០ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ដោយ​ប្រកាស​របស់​ក្រសួងការពារជាតិ​លេខ​៣៥៥​ត​ត​១១១៨ ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​រយៈពេល​ប្រមាណ​ជិត​០១​ខែក្រោយ​មកទៀត កញ្ញា យុង ខេមរា នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០៣២៤២១ ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥) មេបញ្ជាការរង​កងពល​តូច​លេខ​៧០ ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៨/១៤០៩ ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ ។ មានន័យថា កញ្ញា យុង ខេមរា ពាក់​ផ្កាយ​១​ទាហាន​ដូច​លោក អេង រិទ្ធី ហៅ ម៉ែន អេង ដែរ​នាពេល​បច្ចុប្បន្ន ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.