ទណ្ឌិតម្នាក់មានងារជាឧកញ៉ាឈ្មោះ ឈឿន ចាន់ថន ហៅម៉ៅ អតីតជានាយទាហានថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០០៣៣៦១ អតីតជាទីប្រឹក្សា និងជាមេបញ្ជាការអង្គរក្សសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា (CPP) និងជាអតីតប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានស្ថាប័នតុលាការសាលាដំបូងរាជធានីភ្នំពេញ និងតុលាការយោធាចាប់ឃុំខ្លួនកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១ ព្រមទាំងផ្តន្ទាទោសពីបទរំលោភលើទំនុកចិត្ត បំផ្លិញបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត លក់ដូរ និងចែកចាយអាវុធ បំផ្លិចបំផ្លាញសម្ភារៈយោធាសម្រាប់បម្រើការប្រយុទ្ធ និងខ្វះស្មារតីទទួលខុសត្រូវក្នុងការដឹកនាំគ្រប់គ្រងអង្គភាព ទទួលបានការលើកលែងទោសជាស្ថាពរហើយ ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៨/១២៣៤ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោក ឈឿន ចាន់ថន ហៅម៉ៅ អតីតជានាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០០៣៣៦១ ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩០៦/៣៧២ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០០៦ និងទទួលបានការតែងតាំងជាទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រីបន្ថែមលើមុខងារជាមេបញ្ជាការកងអង្គរក្សសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៧/០៧៤ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៧ ។
បន្ទាប់ពីមានរឿងអាស្រូវរហូតដល់ស្ថាប័នតុលាការចាប់ឃុំខ្លួននាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១ លោកឧកញ៉ា ឈឿន ចាន់ថន ហៅម៉ៅ ដែលធ្លាប់មានងារ និងឋានៈជា «ឯកឧត្តមឧត្តមសេនីយ៍ឯកឧកញ៉ា» ក៏ត្រូវបានរាជរដ្ឋាភិបាលសម្រេចបញ្ចប់ភារកិច្ច និងលុបឈ្មោះចេញពីមេបញ្ជាការកងឯកភាពអង្គរក្សសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងពីនាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទវិញ ដោយអនុក្រឹត្យលេខ៩៥៨អនក្រ.តត ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១១ ។ លើសពីនេះ លោកឧកញ៉ា ឈឿន ចាន់ថន ហៅម៉ៅ ក៏ត្រូវបានដកហូតមុខតំណែងពីទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម វិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨១១/៧៦៩ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១ ព្រមទាំងដកហូតឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) និងលុបឈ្មោះចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨១១/៧៦៨ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១ ។
គួររំលឹកជូនថា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលបានបើកសវនាការជំនុំជម្រះទោសជនជាប់ចោទឈ្មោះ ឈឿន ចាន់ថន ហៅម៉ៅ និងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ក៏បានប្រកាសសាលដីកាព្រហ្មទណ្ឌលេខ៣២២ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧សម្រេចតម្កល់សាលដីកាព្រហ្មទណ្ឌលេខ៦៥ក្រIVអ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤របស់សាលាឧទ្ធរណ៍ ដោយផ្តន្ទាទោសជនជាប់ចោទឈ្មោះ ឈឿន ចាន់ថន ហៅម៉ៅ ដាក់ពន្ធនាគារកំណត់១៥ឆ្នាំ ពីបទរំលោភលើទំនុកចិត្ត បំផ្លិញបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត លក់ដូរ និងចែកចាយអាវុធ បំផ្លិចបំផ្លាញសម្ភារៈយោធាសម្រាប់បម្រើការប្រយុទ្ធ និងខ្វះស្មារតីទទួលខុសត្រូវក្នុងការដឹកនាំគ្រប់គ្រងអង្គភាព ប្រព្រឹត្តនៅរាជធានីភ្នំពេញនាអំឡុងឆ្នាំ២០០៧ ធ្វើឲ្យជនជាប់ចោទរូបនេះជាប់ឈ្មោះជាទណ្ឌិត ។
ឥឡូវនេះ ក្រោយជាប់ពន្ធនាគារអស់រយៈពេលជាង៧ឆ្នាំ គឺទណ្ឌិត ឈឿន ចាន់ថន ហៅម៉ៅ អាយុ៤៩ឆ្នាំ ដែលមានងារជាឧកញ៉ា ទទួលបានការលើកលែងទោសជាស្ថាពរហើយ ដោយបន្សល់ទុកនូវទ្រព្យសម្បត្តិច្រើនគួរសមបន្ទាប់ពីបានចំណាយក៏អស់ច្រើនរួចមកផងដែរ ៕